ចប់កូវីដពេលណា ជិះមួយវឹងទៅភ្នំដូង បោះតង់ អាំងភ្លើង និយាយរឿងក្នុងចិត្តឱ្យធូរម្ដង
ស្ថិតនៅចម្ងាយប្រមាណជា ១៤៧ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខេត្តកំពត ជាតំបន់ទេសចរ ដែលកំពុងពេញនិយម ទាក់ទាញភ្ញៀវទេសចរទៅសម្រាកលំហែរកាយ គ្រប់រដូវកាលឈប់សម្រាក មិនថាបុណ្យជាតិធំៗ ឬថ្ងៃចុងសប្តាហ៍ ព្រោះតែចម្ងាយផ្លូវទៅទីនោះ គឺអំណោយផលបំផុត សម្រាប់អ្នករាជធានីភ្នំពេញ ព្រមទាំងពោពេញទៅដោយរមណីយដ្ឋានធម្មជាតិស្អាតៗជាច្រើនកន្លែង ទាក់ចិត្តភ្ញៀវទេសចរណ៍ឱ្យចង់ទៅទស្សនាកម្សាន្ត ។
ជាក់ស្ដែង ថ្មីៗនេះ មហាជនមួយចំនួនកំពុងបួចមាត់ បន់ឱ្យចប់កូវីត អាលនឹងបានបានទៅកម្សាន្ត តំបន់ទេសចរណ៍ធម្មជាតិ ១ កន្លែង នៅកំពត ដែលមានទេសភាពស្រស់ស្អាត អមដោយដើមដូងជាជួរ ដុះលើឆ្នេរខ្សាច់រាបធេង គួរជាទីចាប់ចិត្តប្រតិព័ទ្ធក្រៃលែង ដែលនៅទីនោះ គេនិយមហៅថា « ភ្នំដូង » ។
ស្ថិតនៅភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត មានចម្ងាយប្រហែល 11km ពីរង្វង់មូលទុរេន ភ្នំដូង ឬ ភ្នំដូងត្រើយកោះ ជាតំបន់ទេសចរណ៍ធម្មជាតិមួយ ដែលពុំសូវមានអ្នកទៅដល់ ដោយសារវាមានលក្ខណៈតូចជាងតំបន់ទេសចរណ៍ធម្មជាតិផ្សេងៗនៅកំពត ។ ប៉ុន្តែទោះបីជាបែបនេះក្ដី កន្លែងទេសចរណ៍ធម្មជាតិមួយនេះ តែងតែបើកចិត្ត បើកកាយ ចាំទទួលភ្ញៀវទេសចរណ៍ ជាពិសេសអ្នកផ្សងព្រេង ដែលចូលចិត្តសកម្មភាពដូចជា Picnic, ដើរលេងឆ្នេរខ្សាច់, មើលថ្ងៃលិច, មើលទេសភាពព្រៃភ្នំ ជាដើម ធានាថាបានទៅដល់ហើយ ពិតជាមិនខកបំណងឡើយ ។
ដូច្នេះហើយ បើចប់កូវីដពេលណា កុំភ្លេចណាត់ដៃគូ មិត្តភក្តិ និងអ្នកជិតដិត ឱ្យបានទៅស្គាល់កន្លែងកម្សាន្តធម្មជាតិនេះផង គ្រាន់បានលម្ហែអារម្មណ៍ អង្គុយបោះតង់អាំងភ្លើង ស្ដាប់ទឹករលក និងអង្គុយមើលមីលគីវ៉េ រាប់លានគ្រាប់ដាំជាប់ផ្ទៃមេឃានៅទីនោះ ៕
រូបភាពដោយ ៖ RS Gallery