សាងផ្នួសជាង ១៣ ឆ្នាំ អតីតតារាចម្រៀង ឆោម ប៊ុនយ៉ុង ទើបទម្លាយអាថ៌កំបាំងមួយនេះ
រយៈពេលជាង ១៣ ឆ្នាំមកហើយដែលព្រះភិក្ខុ ឆោម ប៊ុនយ៉ុង អតីតតារាចម្រៀងដ៏ល្បីល្បាញរបស់កម្ពុជាមួយរូប បានលាជីវិតហ៊ឺហារ បែរទៅសាងផ្នួសបម្រើព្រះពុទ្ធសាសនា យកព្រះធម៌ធ្វើជាមិត្ត ផ្លាស់ប្ដូរពីការបកស្រាយបទចម្រៀងមកកាន់សៀវភៅកម្ពីរធម៌ ទន្ទេញបាលី លះបង់កាមកិលេសលោកី តាំងចិត្តស្ងប់ស្ងាត់ មិនប្រាថ្នាសម្លៀកបំពាក់ឆើតឆាយហ៊ឺហារ សូមត្រឹមពានាស្បង់ចីវរ រស់នៅក្នុងជីវិតស្ងប់សុខបំផុត ។
យ៉ាងណាមិញ ទោះបីជាពេលវេលាព្រះតេជព្រះគុណ ឆោម ប៊ុនយ៉ុង បួសធ្វើជាកូនចៅព្រះអស់ពេលជាងមួយទសវត្សរ៍មកហើយក្ដី ប៉ុន្ដែមកទល់ពេលនេះ នៅតែមានទស្សនិកជនជាច្រើនដែលធ្លាប់គាំទ្រ ក៏ដូចជាស្ដាប់នូវបទចម្រៀងដ៏ពីរោះៗ ជាមួយទឹកដមសំឡេងដ៏ផ្អែមត្រជាក់មុតស្រួចរបស់លោកកាលពីអតីតកាលនោះ នៅតែមិនទាន់ជ្រាបច្បាស់ពីមូលហេតុដែលអតីតតារាចម្រៀងប្រុសរូបនេះ សម្រេចចិត្តទៅបួសនៅឡើយ ។
ស្រាយប្រាប់ពីចម្ងល់ហ្មងសៅក្នុងចិត្តទស្សនិកជនអស់ជាង ១០ ឆ្នាំមកនេះ ព្រះភិក្ខុ ឆោម ប៊ុនយ៉ុង បានមានសង្ឃដីកាមកកាន់ «ប្រជាប្រិយ» ថា ព្រះអង្គក៏មិននឹកស្មានដល់ដែរចំពោះការសម្រេចចិត្តបួសនេះ ព្រោះថាកាលនោះលោកបងត្រៀមខ្លួនរួចរាល់ដើម្បីចាកចេញទៅក្រៅប្រទេសហើយ តែរឿងរ៉ាវហាក់ដូចជាមានអ្នកណាបានកំណត់ទុក លោកបងបានធ្លាក់ខ្លួនភ្លឹកបាត់បង់ស្មារតីអស់រយៈពេលប្រមាណជា ៣ ខែ ឯណោះ ។ ក្នុងកំឡុងពេលភ្លឹកនោះ មានតែលោកបងអង្គឯងប៉ុណ្ណោះដែលដឹងថាខ្លួនឯងបានធ្វើអ្វីខ្លះ លុះភ្ញាក់ដឹងស្មារតីពីការភ្លឹកវិញ ព្រះភិក្ខុ ឆោម ប៊ុនយ៉ុង ក៏សម្រេចចិត្តថានឹងទៅបួសតែម្ដង ។
រឿងរ៉ាវអាថ៌កំបាំងដែលមិនស្មានមិនដល់ នៅពីក្រោយការសម្រេចចិត្តសាងផ្នូសដែលបានកើតឡើងចំពោះព្រះតេជព្រះគុណ ឆោម ប៊ុនយ៉ុង បានធ្វើឱ្យព្រះអង្គខិតខំរៀនធម៌ លះបង់ជីវិតជាគ្រហស្ថដ៏សម្បូរសប្បាយ ទៅបួសធ្វើជាកូនចៅព្រះរហូតមកទល់សព្វថ្ងៃ ៕