ច្រៀងជាមួយប្អូនប្រុសលើកដំបូង ស្រាប់តែ ណុប បាយ៉ារិទ្ធ ទម្លាយសារមួយនេះភ្លែត
មហាជនអ្នកគាំទ្រ ប្រាកដជាបានដឹងហើយពីសែស្រឡាយរបស់តារាចម្រៀង ណុប បាយ៉ារិទ្ធ សុទ្ធសឹងតែជាអ្នកមានទេពកោសល្យក្នុងវិស័យសិល្បៈ ។ ក្នុងនោះដែរ ក្នុងចំណោមបងប្អូនបង្កើតទាំងអស់របស់លោក ណុប បាយ៉ារិទ្ធ គឺមានតែលោក និង លោក នីកូ ប៉ុណ្ណោះ ដែលជាតារាចម្រៀងដូចគ្នា ។
ទោះជាបងប្អូនបង្កើតត្រកូល ណុប ទាំង ២ រូប ជាតារាចម្រៀងស្ថិតក្នុងផលិតកម្មរស្មីហង្សមាសដូចគ្នាក៏ពិតមែន ប៉ុន្តែមហាជនអ្នកគាំទ្របានសង្កេតឃើញថា លោក ណុប បាយ៉ារិទ្ធ និង លោក នីកូ ហាក់មិនទាន់បានចាប់ដៃគូច្រៀងបទចម្រៀងរួមគ្នាបានម្តងនៅឡើយនោះទេ ។
យ៉ាងណាមិញ ថ្មីៗនេះតារាចម្រៀងកូនប្រុសច្បងត្រកូល ណុប និង ប្អូនប្រុសពៅត្រកូល ណុប បានធ្វើឲ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ និង រំភើបចិត្តយ៉ាងខ្លាំងក៏ព្រោះតែអ្នកទាំងពីរបានចាប់ដៃគ្នាលើកដំបូងច្រៀងនៅក្នុងកម្មវិធីប្រគំតន្ត្រីមួយ ។
លើសពីនោះ អ្វីដែលកាន់តែធ្វើឲ្យមហាជនរំភើបចិត្តទៀតនោះ បើតាមការឲ្យពីសំណាក់លោក ណុប បាយ៉ារិទ្ធ បង្ហោះលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកថា ឪពុកម្តាយរបស់លោក ក៏រង់ចាំថ្ងៃលោកទាំងពីរច្រៀងរួមគ្នាដែរ ។ លោក ណុប បាយ៉ារិទ្ធ បានរៀបរាប់ថា «២ នាក់បងប្អូន មិនសូវបានច្រៀងជាមួយគ្នា តែថ្ងៃដែលពួកខ្ញុំច្រៀងជាមួយគ្នា ជាថ្ងៃដែលប៉ាម៉ាក់អង្គុយចាំមើលពួកខ្ញុំច្រៀង» ៕