ប្រវត្តិ «បុណ្យមាឃបូជា» ក្នុងព្រះពុទ្ធសាសនា កូនខ្មែរត្រូវដឹងមិនគួររំលង
ថ្ងៃពុធ ១៥ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ គឺជាថ្ងៃ «បុណ្យមាឃបូជា» ដែលមានសារសំខាន់មួយនៅក្នុងពុទ្ធសាសនា និង សម្រាប់ពុទ្ធសានិកទាំងអស់ទូទាំងពិភពលោក ។
តើ «បុណ្យមាឃបូជា» មានប្រវត្តិយ៉ាងណា?
បើតាមវេបសាយ វីគីភីឌា បានឱ្យដឹងថា មាឃបូជា ជាពីធីបុណ្យដ៏ធំមួយ ក្នុងចំណោមបុណ្យធំផ្សេងទៀត ដែលមានសារសំខាន់នៅក្នុងពុទ្ធសាសនា ដូចជា បុណ្យពិសាខបូជា ជាដើម។ បុណ្យមាឃបូជា ត្រូវបានប្រារព្ធឡើង ដើម្បីរំឭកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥ កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់ ។
ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោមព្រះសង្ឃចំនួន ១២៥០ អង្គ ជាសមាជិកក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់ ។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍ចំនួន ១១ ប្រការ សម្រាប់ឱ្យសមាជិកមហាសន្និបាតទាំងអស់កាន់យកជាវិថីជីវិត និង សម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀតឱ្យបានយល់ពីពុទ្ធសាសនា ។
គួរឱ្យដឹងដែរថា ពិធីបុណ្យមាឃបូជាប្រារព្ធឡើងដើម្បីរំឭកនូវព្រឹត្តិការណ៍ ៣ យ៉ាងសំខាន់ៗ របស់ព្រះពុទ្ធ ៖
១- រំឭកដល់ការជួបប្រជុំដោយឯកឯងគ្មានការណាត់គ្នាទុកមុន របស់ព្រះអរហន្ត ១២៥០ អង្គ ដែលព្រះសម្មាសម្ពុទ្ធ បំបួសដោយព្រះពុទ្ធអង្គផ្ទាល់ ហៅថា ការធ្វើចតុរង្គសន្និបាត។
២- រំឭកដឹងគុណ ដល់ព្រះសម្មាសម្ពុទ្ធដែលបានត្រាស់ដឹង និង បានសម្ដែងឱវាទបាតិមោក្ខឱ្យសត្វលោកបានយល់ដឹងពីផ្លូវត្រូវក្នុងការស្វែងរកសេចក្ដីសុខក្នុងជីវិត។
៣- រំលឹកដល់ថ្ងៃដែលព្រះអង្គដាក់ព្រះជន្មាយុសង្ខារ ៣ ខែទៀត ដែលព្រះសម្មាសម្ពុទ្ធនឹងបរិនិព្វាន។
សម្រាប់ប្រជាពលរដ្ឋដែលកាន់ពុទ្ធសាសនា សូមជ្រះថ្លាចូលរួមក្នុងពិធីបុណ្យមាឃបូជា ដែលប្រារព្ធឡើងនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ទាំងអស់គ្នា៕