ស្ថិតនៅចម្ងាយ ជាង ៥០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខេត្តមណ្ឌលគិរី ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានកន្លែងកម្សាន្តតាមបែបធម្មជាតិ ដូចជាតំបន់ទឹកជ្រោះ ដែនជំរកសត្វព្រៃ ចំការស្រល់ ភូមិជនជាតិភាគតិច និង តំបន់ភ្នំធំតូចជាច្រើន ។ មិនតែប៉ុណ្ណោះ នៅវស្សានរដូវ និង សរទរដូវ មណ្ឌលគិរី មានអាកាសធាតុត្រជាក់គួរជាទីចាប់ចិត្ត ដែលទាក់ទាញភ្ញៀវទេសចរឱ្យទៅកម្សាន្តនៅទីនោះ ស្រូបយកខ្យល់អាកាសពីកំពូលភ្នំ បំភ្លេចចោលនូវរាល់ទុក្ខកង្វល់ផ្សេងៗ ។
ថ្មីៗនេះ មហាជននាំគ្នាចាប់អារម្មណ៍នូវកន្លែងសម្រាកលម្ហែមួយកន្លែង នៅខេត្តមណ្ឌលគិរី ដែលមានទេសភាពស្រស់ត្រកាល លាយឡំជាមួយកន្លែងស្នាក់ប្រកបទៅដោយភាពច្នៃប្រឌិត នោះគឺ បុរីលម្ហែកាយ មណ្ឌលគិរី ។ ស្ថិតនៅ ក្រុងសែនមនោរម្យ ទីរួមខេត្តមណ្ឌលគិរី បុរីលម្ហែកាយ មណ្ឌលគិរី មានរីសតសាងសង់ឡើងពីឈើប្រណីត នៅចំពីមុខផ្ទៃទឹក និង មានវាលក្ដាឈើប្រណីត លាតសន្ធឹងលើផ្ទៃបឹងសម្រាប់ឱ្យអ្នកទេសចរ អង្គុយលម្ហែអារម្មណ៍ និង មានទូកកាយ៉ាកសម្រាប់ជិះកម្សាន្តជុំវិញនោះផងដែរ ។
មិនតែប៉ុណ្ណោះ កន្លែងគេងនៅទីនោះ គឺសាងសង់ឡើងនៅលើតំបន់ភ្នំ ជាប់ផ្ទៃទឹកថ្លាឈ្វេង រីឯបរិយាកាសនៅពេលរាត្រីវិញ គឺថារ៉ូមែនទិចតែម្ដង ដោយសារនៅក្រចុះមាត់ទឹក និង តាមផ្លូវពីរីសត មកមាត់ទឹក គឺមានភ្លើងបំភ្លឺរឹមៗ គួជាទីមនោរម្យ ៕
ប្រភពរូបភាព ៖ Borey Lomhaekay Mundulkiri