ដោយសាររឿងមួយនេះ ធ្វើឱ្យលោក សាវិន ហ្វីលិព ដឹងគុណលោក ហ្វៃ សំអាង គ្មានថ្ងៃភ្លេច
តារាសម្ដែងជើងចាស់ លោក សាវិន ហ្វីលិព កន្លងមកត្រូវបានទស្សនិកជនទទួលស្គាល់ពីទេពកោសល្យសម្ដែងដ៏ប៉ិនប្រសប់របស់លោក តាមរយៈខ្សែភាពយន្តតូចធំជាច្រើន មិនថាខ្សែភាពយន្តបែបបុរាណ ឬសម័យនោះទេ លោកអាចបត់បែនបានគ្រប់ទម្រង់ ដែលសមត្ថភាពនេះហើយ បានជំរុញឱ្យលោកទទួលបានជោគជ័យគួរឱ្យកត់សម្គាល់នៅលើវិស័យសិល្បៈមួយនេះ ។
តែយ៉ាងណា ទម្រាំបោះជំហានយ៉ាងរឹងមាំនៅលើវិថីមួយនេះរហូតមកដល់បច្ចុប្បន្ន តារាសម្ដែង សាវិន ហ្វីលិព អះអាងថាមានអ្នកជួយជ្រោមជ្រែកដែលធ្វើឱ្យលោកនឹករឭកដល់គុណរបស់គេនោះមិនភ្លេចនោះទេ ។
តួយ៉ាងតារាសម្ដែងជើងចាស់ខាងលើ បានបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុក ដោយលោកបាននឹកដល់គុណលោក ហ្វៃ សំអាង ដែលជាអ្នកដឹកនាំរឿងដ៏ឆ្នើមមួយរូប និង ម្ចាស់ផលិតកម្មអង្គរវត្ត ដែលកាលពី ២៥ ឆ្នាំមុន អ្នកទាំងពីរបានផ្ដល់ឱកាសដល់លោកឱ្យសម្ដែងក្នុងរឿង «ភ្នំទាបជាងស្មៅ» ទើបធ្វើឱ្យលោកមានឈ្មោះលើវិស័យសិល្បៈមកដល់សព្វថ្ងៃ ។
សាវិន ហ្វីលិព បានរៀបរាប់ថា «នេះជារូបថតខ្ញុំកាលពី ២៥ ឆ្នាំមុន (១៩៩៥) នៅក្នុងភាពយន្តភាគរឿង «ភ្នំទាបជាងស្មៅ» ។ ខ្ញុំតែងតែនឹកដល់គុណអ្នកដឹកនាំរឿងល្បីឈ្មោះ ហ្វៃ សំអាង & អ្នកមីង អ៊ីវ៉ែត សំ ជាម្ចាស់ផលិតកម្មអង្គរវត្តដែលបានជ្រើសរើសយកខ្ញុំឱ្យសម្ដែងក្នុងរឿងនោះ ដែលធ្វើឱ្យខ្ញុំអាចមានឱកាសត្រឡប់មកកសាងកេរ្តិ៍ឈ្មោះម្ដងទៀត (២០១០) ក្នុងពិភពសិល្បៈរហូតដល់ថ្ងៃនេះ» ៕