ទោះម្តាយស្លាប់ច្រើនឆ្នាំ តែកូនស្រីតារាសម្តែងជើងចាស់ ហួត សារ៉ាវឌី នៅតែពោលពាក្យនេះ
បើសិនជានឹកដល់កំឡុងឆ្នាំ ១៩៩៣ មហាជនធ្លាប់បានស្គាល់ហើយពីទេពកោសល្យ និងភាពល្បីល្បាញរបស់អតីតតារាសម្តែង និងតារាចម្រៀងអ្នកស្រី ហួត សារ៉ាវឌី ដែលត្រូវបានមហាជនអ្នកទស្សនាសរសើរជាតារាស្រីប៉ិនប្រសព្វសម្តែងជាតួឆ្នាស់ឆ្នើមជាក់ជាមិនខាន។ ជាអកុសល អតីតតារាស្រីល្បីឈ្មោះទស្សវត្សន៍ ៩០ រូបនោះ បានទទួលមរណៈភាពហើយកាលពីកំឡុងឆ្នាំ ២០១៦ ដោយទុកឲ្យកូនស្រី ២ នាក់ រស់នៅកំព្រាផងដែរ ។
ទោះបីជាបាត់បង់ជីវិតក៏ពិតមែន ប៉ុន្តែរូបភាព និង វីដេអូជាច្រើនរបស់អ្នកស្រី ហួត សារ៉ាវឌី នៅតែមានជាការចងចាំរបស់អ្នកគាំទ្រ និងក្រុមគ្រួសាររបស់លោកស្រីជានិច្ច ។ ក្នុងនោះ ខ្សែភាពយន្ត និង រូបភាពជាច្រើនរបស់លោកស្រី ហួត សារ៉ាវឌី ក៏នៅតែមាននៅលើបណ្តាញសង្គមដូចដើម ។
ជារឿយៗមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានសង្កេតឃើញថាកូនស្រីទាំង ២ រូប របស់អតីតតារាសម្តែងល្បីឈ្មោះខាងលើនេះ ទោះជាម្តាយបានលាចាកលោកអស់ជាច្រើនឆ្នាំហើយក្តី តែកូនស្រីទាំង ២ តែងតែបង្ហោះសារសោកសៅរំឮកដល់អ្នកម្តាយធ្វើឲ្យមហាជនស្រណោះយ៉ាងខ្លាំង ។
តួយ៉ាងនៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១ នេះ កូនស្រីច្បងរបស់តារាអ្នកស្រី ហួត សារ៉ាវឌី គឺ អតីតតារាសម្តែង និង តារាបង្ហាញម៉ូដ ជុង សារ៉ាច័ន្ទ បានចែករំលែករូបភាពរបស់ម្តាយកាលនៅរស់ និងសរសេរនូវសារយ៉ាងសោកសៅថា «មួយជីវិតនេះ ខ្ញុំលះបង់ដើម្បីគាត់ មិនដែលស្តាយក្រោយទេ។ គាត់ឲ្យខ្ញុំឃើញពន្លឺថ្ងៃ បើគ្មានគាត់ក៍គ្មានខ្ញុំ។ ទោះខ្សែជីវិតខ្ញុំវាមិនសមប្រកប តែខ្ញុំមិនដែលបន្ទោសគាត់ទេ។ ខ្ញុំកើតមកដើម្បីគាត់ ហើយក៍រឹងមាំដោយសារគាត់។ រួមទុក្ខ តែមិនបានរួមសុខ ធ្វើម្តេចវាសនា» ។
គួរជម្រាបដែរថា កូនស្រីច្បងរបស់អ្នកស្រី ហួត សារ៉ាវឌី បច្ចុប្បន្ន អ្នកនាងបានបញ្ចប់អាជីពលើវិថីសិល្បៈទាំងស្រុងហើយ ដោយបច្ចុប្បន្ន ក្រោយពីរៀបការរួច អ្នកនាង សារ៉ាច័ន្ទ បានបង្កើតនូវមុខជំនួញផ្ទាល់ខ្លួន ជាហាងកែសម្ឋស្សយីហ៊ោ N.22 យ៉ាងជោគជ័យ ដែលជាហតុធ្វើឲ្យអ្នកនាងតែងនឹករឮកដល់ភាពលំបាកជាច្រើនជាមួយនឹងម្តាយ កាលលោកនៅរស់ ៕