ភរិយា ខេមរៈ សិរីមន្ត ទិញឡានលំដាប់សេដ្ឋីឱ្យស្វាមី ថែមទាំងពាក់ស្លាកលេខពិសេសឱ្យទៀត
កាលពីប៉ុន្មានថ្ងៃមុន មហាជននាំគ្នាផ្ទុះការភ្ញាក់ផ្អើលទៅលើជីវិតឯកជនដ៏ហ៊ឺហាររបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលត្រូវបានភរិយាជាទីស្រឡាញ់ ទិញកាដូរថយន្តទំនើបម៉ាក Rolls-Royce បញ្ឈប់ចាំនៅមុខផ្ទះ ដើម្បីពញ្ញាក់អារម្មណ៍ ក៏ដូចជាផ្គាប់ចិត្តស្វាមី ។
ទន្ទឹមនឹងការភ្ញាក់ផ្អើលនេះ មានមហាជនជាច្រើនក៏បានកោតសរសើរពីសំណាងរបស់កំពូលតារាចម្រៀងប្រុសខាងលើ ដែលបានភរិយាទាំងស្រស់ស្អាត និង ចេះយកចិត្តស្វាមីបែបនេះ ។ មិនត្រឹមតែប្រើជីវិតកាលីបហាយសូរជិះសុទ្ធតែរថយន្តទំនើបលំដាប់សេដ្ឋី ក្នុងនោះ ខេមរៈ សិរីមន្ត ក៏បានទិញស្លាកលេខពិសេសផ្ទាល់ខ្លួន «កម្ពុជា SEREYMUN» ដោយលោកបានបង្ហោះនៅលើបណ្ដាញសង្គម ព្រមទាំងសរសេររៀបរាប់ថា «ស្លាកលេខស្រួលចាំទេបងប្អូន» ។
ជាការពិត បើតាមការប្រកាសដាក់លក់នៅលើទំព័រផ្លូវការរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន ស្លាកលេខពិសេសផ្ទាល់ខ្លួនរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មានតម្លៃប្រមាណខ្ទង់ជាង ៣ លាន ៨ សែនរៀល ៕