បែកធ្លាយ សេង រដ្ឋា អាចមានសង្ឃឹមរក្សាតំណែងបាន បើចរចាត្រូវលើចំណុចទាំងនេះ
កាលពីល្ងាចថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ មានដំណឹងលេចឮថា កញ្ញា សេង រដ្ឋា ម្ចាស់ជ័យលាភី Miss Grand Cambodia 2020 ដែលគ្រោងនឹងតំណាងកម្ពុជាទៅចូលរួមប្រកួត Miss Grand International នៅប្រទេសថៃ ក្នុងខែមីនា ឆ្នាំ ២០២១ ខាងមុខនេះ ត្រូវបានប្រឈមនឹងការដកដំណែង បន្ទាប់ពីគេបានឃើញផេក Team Cambodia បានបង្ហោះពីខ្លឹមសារឆាតរបស់លោក អ៊ិន សុភិន បែកធ្លាយកន្លងទៅនេះ ធ្វើឱ្យបណ្តាមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលជុំវិញរឿងរ៉ាវនេះ ។
ស្របពេលព័ត៌មានកំពុងផ្ទុះ បើតាមទំព័រហ្វេសប៊ុកលោក អ៊ិន សុភិន អ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia ក៏បានបង្ហោះសារជុំវិញរឿងរ៉ាវខាងលើនេះផងដែរ ហើយបើទោះជាលោកមិនបានរៀបរាប់បកស្រាយលម្អិត ប៉ុន្តែក្នុងសារនោះអាចបញ្ជាក់ឱ្យមហាជនដឹងបានថា ស្ថាប័ន Miss Grand Cambodia របស់លោក និង កញ្ញា សេង រដ្ឋា ដែលជាម្ចាស់ជ័យលាភី កំពុងមានបញ្ហារកាំរកូសនឹងគ្នា ។
លោក អ៊ិន សុភិន បានសរសេរសារបង្ហោះសារ ៖ «អរគុណគ្រប់យ៉ាងសំរាប់ Fan ៗ Miss Grand Cambodia 2020 សំណួរច្រើនណាស់សម្រាប់ថ្ងៃនេះ ហេតុអីស្ងាត់ម៉េស Miss Grand Cambodia 2020 ? ខ្ញុំមិនចង់បកស្រាយខ្លាចអ្នកគាំទ្រគាត់មិនសប្បាយចិត្តពេលដឹងការពិតត្រូវបានលាតត្រដាងជាសាធារណៈ តែបើមិនបកស្រាយទេគេ Comment ជេរយើងសឹងផ្ទុះទូរស័ព្ទ ចុះពេលដឹងការពិតវិញតើគាត់ Comment យ៉ាងម៉េចវិញ? ខ្ញុំមិនចង់ល្បីទេរាល់ថ្ងៃ ហត់នឿយនឹងរឿងសេដ្ឋកិច្ចយ៉ាប់យ៉ឺនផង សន្និសីទកាសែតនឹងកើតមានឡើងឆាប់ៗនេះរងចាំតាមដានការពិតទាំងអស់គ្នា» ។
យ៉ាងណាមិញ មកទល់នឹងបច្ចុប្បន្ននេះ បើតាមទំព័រផេក Team Cambodia បានបង្ហើបដំរួយមកថា កញ្ញា សេង រដ្ឋា អាចមានសង្ឃឹមនឹងមិនត្រូវដកតំណែងឡើយ បើសិនជាការសម្របសម្រួលត្រូវរ៉ូវគ្នា ហើយនាងនឹងចូលរួមតាមការណាត់ជួបពីសំណាក់ក្រុមហ៊ុននោះ ។
នេះជាការបង្ហោះរបស់ ផេក Team Cambodia ៖ «ក្រោយពីបានសម្រួលគ្នារវាង Team Cambodia និង លោក អ៊ិន សុភិន ដែលជាអ្នកគ្រប់គ្រង Miss Grand Cambodia រួចមក បានឱ្យឃើញថា សេង រដ្ឋា អាចមានសង្ឃឹមរក្សាដំណែង និង មកុដរបស់នាង បើសិននាងចូលរួមតាមការណាត់ជួបរបស់ក្រុមហ៊ុន ធ្វើសន្នសីទការសែតដើម្បីសម្រួលគ្នា ។ ដូចនេះ សេង រដ្ឋា គួរតែទៅចូលរួមដើម្បីបញ្ជាក់ថាខ្លួនមិនមានកំហុស និង រកភាពស្អាតស្អំ កេរ្តិ៍ឈ្មោះរបស់នាងមកវិញ ដើម្បីប្រជាជនកម្ពុជាដែលចង់ឃើញនាងតំណាងឱ្យស្រ្តីខ្មែរលើឆាកអន្តរជាតិ ក្នុងការប្រកួតបវរកញ្ញា Miss Grand International ឆ្នាំ ២០២០-២០២១ ហើយរីឯប្រាក់រង្វាន់ខាងក្រុមហ៊ុននឹងប្រគល់ជូនក្រោយការប្រកួត Miss Grand International ចប់!» ។
បើងាកទៅកាន់ក្រុមការងារម្នាក់ក្នុងស្ថាប័ន Miss Grand Cambodia សុំមិនបញ្ចេញអត្តសញ្ញាណម្នាក់ បានប្រាប់ឱ្យដឹងថា រវាងកញ្ញា សេង រដ្ឋា និង ស្ថាប័នកំពុងមានបញ្ហានឹងគ្នាមែន ក្នុងរឿងរ៉ាវមួយចំនួន ប៉ុន្តែពេលនេះកំពុងស្ថិតក្នុងការសម្រុះសម្រួលគ្នា ហើយឆាប់ខាងមុខនេះនឹងមានការធ្វើសន្និសីតកាសែតបកស្រាយលម្អិតពីរឿងរ៉ាវដែលកំពុងផ្ទុះការចាប់អារម្មណ៍នេះ ពីស្ថាប័ន Miss Grand Cambodia និង កញ្ញា សេង រដ្ឋា ផងដែរ ៕