កែវ សុបញ្ញា មិនប្រាថ្នាច្រើនសុំត្រឹមមានបីចំណុចនេះ អាចធ្វើកូនកំលោះនាងបានហើយ!
កែវ សុបញ្ញា គឺជាតារាចម្រៀងមួយរូប ដែលធ្លាប់ឆ្លងកាត់ការប្រលងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទីមួយ ។ ទោះបីជារូបនាងមិនទទួលបានជោគេជ័យក៏ពិតមែន តែនាងក៏បានចេញជាបទចម្រៀងល្បីៗនៅក្នុងផលិតកម្មរស្មីហង្សមាស ដូចជាបទ «ពេលមួយដែលគ្មានខ្ញុំ» និងបទ « Care ខុសមនុស្ស» ជាដើម។
កែវ សុបញ្ញា មិនត្រឹមតែមានសមត្ថភាពនៅក្នុងការច្រៀង ដែលប្រើសំឡេងពីរោះនោះទេ តែរូបនាងក៏មានរូបសម្រស់ស្រស់ផូផង់ថែមទៀត ទើបធ្វើឱ្យតារាស្រីរូបនេះមានឱកាសបានវិវត្តន៍ខ្លួនពីតារាចម្រៀងទៅជាតារាសម្ដែង អាចទាក់ទាញទស្សនិកជនអ្នកគាំទ្រជាច្រើន រហូតដល់ផលិតករទូរទស្សន៍ចាប់អារម្មណ៍ និងផ្ដល់ឱកាសបានសម្ដែងក្នុងរឿងភាគរបស់ទូរស្សន៍ហង្សមាស រឿង «រាជនីភូមិគ្រឹះ» ទៀតផង។
យ៉ាងណាមិញ បន្ទាប់ពីជីវិតនៅក្នុងវិស័យសិល្បៈ កំពុងតែទទួលបានជោគជ័យជាបណ្ដើរៗហើយ តែចំពោះរឿងជីវិតឯកជនរបស់នាងវិញ ជាពិសេសគឺរឿងស្នេហាតែម្ដង នាងហាក់មិនទាន់បានបើកបង្ហាញឱ្យគ្រប់គ្នាបានដឹងនៅឡើយទេ ដោយនាងធ្លាប់លើកឡើងកាលពីពេលកន្លងមកថា នាងមិនទាន់មានមនុស្សក្នុងបេះដូងទេ ប៉ុន្តែកំពុងតែមើលចិត្តគ្នា។ តែយ៉ាងណាតារាស្រីរូបនេះ មិនទាន់ហ៊ានបង្ហាញថាមនុស្សប្រុស ដែលនាងកំពុងតែមានចិត្តនោះ គឺជាបុរសនៅក្នុងសិល្បៈដូចគ្នា ឬ យ៉ាងណានៅឡើយទេ។
លើសពីនេះទៅទៀត កាលពីពេលថ្មីៗនេះ កែវ សុបញ្ញា ក៏ស្រាប់តែបញ្ចេញសារគួរឱ្យចាប់អារម្មណ៍មួយ ដោយក្នុងនោះនាងបានសរសេរថា៖ «ចង់ធ្វើជាកូនកំលោះរបស់ខ្ញុំមិនពិបាកទេយករបស់បីយ៉ាងនេះមកឱ្យខ្ញុំ -ស្នាមញញឹម– ស្មោះត្រង់– ច្បាស់លាស់»។
ក្រោយពីឃើញសារដូចនេះ បានធ្វើឱ្យមហាជននាំគ្នាគិតថាតារាស្រីរូបនេះកំពុងពិចារណាលើបុរសណាម្នាក់ហើយមើលទៅ ទើបនាងទម្លាយច្បាស់ៗបែបនេះជាសារធារណៈ៕