ខានឃើញជាង ១០ ឆ្នាំ តែអតីតតារាសម្តែង ហង្ស ឈា នៅតែសង្ហាដដែល!
ជឿជាក់ថា មហាជនពិតជានៅចាំបានអតីតតារាចម្រៀង និង សម្តែង ហង្ស ឈា ដែលបានបន្សាត់ខ្លួន ចេញពីអាជីពសិល្បៈប្រមាណជិត ១៤ ឆ្នាំ ក្រោយពីលោកបានរៀបការ និង បានទៅរស់នៅសហរដ្ឋអាមេរិក។
ពេលនេះលោក ហង្ស ឈា កំពុងរស់នៅយ៉ាងមានក្តីសុខជាមួយភរិយា និង កូនប្រុសស្រីរបស់លោកនៅសហរដ្ឋអាមេរិក ហើយជារឿយៗ លោកតែងចែករំលែកនូវរូបភាពដ៏ស្រស់ស្អាត ជាមួយក្រុមគ្រួសាររួមនឹងទេសភាពយ៉ាងស្រស់ស្អាត នៅក្នុងប្រទេសជឿនលឿនមួយនេះ បង្ហាញដល់អ្នកគាំទ្រនៅស្រុកខ្មែរផងដែរ។
ក្នុងនោះ ក៏មានការលើកឡើងថាទោះមានវ័យច្រើនបន្តិចក្តី តែមើលទៅលោក ហង្ស ឈា នៅតែសង្ហា មិនប្រែប្រួលពីមុននោះទេ ហើយភរិយារបស់លោកទៀតសោត ក៏នៅតែស្អាតដដែល។ ហាក់មានសំណាងជាងតារាដទៃ ព្រោះនៅសហរដ្ឋអាមេរិកលោក ហង្ស ឈា មានមុខជំនួញផ្ទាល់ខ្លួនដល់ទៅពីរ ហើយពេលខ្លះលោកក៏ជាអ្នកធានាតារាចម្រៀងទៅច្រៀងនៅទីនោះ ដែលកន្លងមកលោកក៏ធ្លាប់ធានាតារាចម្រៀង ព្រាប សុវត្ថិ និង កូនៗទៅច្រៀងនៅទីនោះដោយទទួលបានជោគជ័យជាខ្លាំង។
សូមបញ្ជាក់ថា បើគិតមកដល់ពេលនេះ លោក ហង្ស ឈា បានរស់នៅសហរដ្ឋអាមេរិកប្រមាណជិត ១៤ ឆ្នាំហើយ លោកក៏ធ្លាប់ចុះមកលេងស្រុកកំណើតប្រមាណជាពីរដងដែរ តែលើកទីពីរនេះគឺកាលពីដើមឆ្នាំ ២០២០។ យ៉ាងណាមិញ គេចាំបានថាលោក ហង្ស ឈា ធ្លាប់ជាតារាសម្តែង និង ចម្រៀងដែលមានរូបសង្ហា ព្រមទាំងមានប្រជាប្រិយភាពម្នាក់កាលពីជាង ១០ ឆ្នាំមុន តែក្រោយពីបានរៀបការជាមួយនារីខ្មែររស់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៧ មក លោកក៏បានសាងគ្រួសាររួមរស់ យ៉ាងមានក្តីសុខក្នុងជីវិតហាយសូរជាខ្លាំង៕