អាយុ ៣០ ឆ្នាំហើយ សុខ ពិសី មិននឹកនារឿងរៀបការ ប្រើជីវិត Single យ៉ាងមានក្ដីសុខ
សុខ ពិសី គឺជាតារាចម្រៀងក្នុងដួងចិត្តយុវវ័យមួយរូប ហើយប្រិយមិត្តភាគច្រើនក៏បានជ្រាបរួចមកហើយថា នាងគឺជាតារាចម្រៀងគ្រាប់ពេជ្រដ៏សំខាន់ប្រចាំផលិតកម្មសាន់ដេ ព្រោះក្រៅពីមានទឹកដមសំឡេងពីរោះស្រួយស្រែសហើយនោះ សុខ ពិសី ក៏ជាតារាចម្រៀងមានរូបសម្រស់ស្រស់សោភា សាច់សខ្ចី សម្ដីផ្អែម ចរិតរួសរាយរាក់ទាក់ចំពោះទស្សនិកជនគួរឱ្យស្រឡាញ់បំផុត តែកន្លងមកនាងមិនធ្លាប់បង្ហើបត្រង់ៗថា មានគូស្នេហ៍កំណាន់ចិត្តនោះទេ ។
ដោយឡែក បើយើងក្រឡេកទៅមើលមិត្តភក្ដិក្នុងរង្វង់សិល្បៈជាច្រើនរូប ដែលបានចូលសិល្បៈជំនាន់ៗគ្នា និង មានអាយុស្របាលៗនឹង សុខ ពិសី វិញដូចជា កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា, មាស សុខសោភា, សុគន្ធ និសា និង មិត្តក្នុងសិល្បៈជាច្រើនរូបនេះ បើកចំហជីវិតឯកជនពីរឿងមានគូស្នេហ៍ ហើយខ្លះក៏បានរៀបការមានប្ដី មានកូនប្រលែងលេងជិតអស់ហើយក្ដី ប៉ុន្ដែងាកទៅនាងវិញ ហាក់មិនទាន់លេចឮដំណឹងចូលរោងការទាល់តែសោះ បើទោះបីជាអាយុខ្ទង់ ៣០ ឆ្នាំហើយក្ដី ។
ទោះបីជាមិនទាន់ខ្វល់ខ្វាយរឿងចូលរោងការដូចមិត្តភក្ដិក្នុងសិល្បៈមួយចំនួនមែន ប៉ុន្ដែ សុខ ពិសី ប្រើប្រាស់ជីវិត Single យ៉ាងមានក្ដីសុខ លើសពីនេះ នាងក៏មានមុខជំនួញពេញក្នុងដៃ ចំណែកឯរូបសម្រស់វិញ ហាក់កាន់តែស្រស់ស្អាតឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕