នេះនែ! មកុដបំពាក់ឱ្យបវរកញ្ញា រ៉េត សារីតា ដាំត្បូងរតនគិរី រំលេចពេជ្រ ១១៣៣ គ្រាប់ ស្អាតណាស់!
សម្រាប់ពេលនេះ ការប្រកួតសម្រស់ និង សមត្ថភាព Miss Universe Cambodia 2020 បានបញ្ចប់ជាស្ថាពរហើយកាលពីរាត្រីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយកញ្ញា រ៉េត សារីតា បានយកឈ្នះលើបេក្ខនារី ១៩ រូបផ្សេងទៀត និង បានគ្រងមកុដ Miss Universe Cambodia 2020 ។
សម្រាប់ឆ្នាំនេះ ម្ចាស់ជ័យលាភីកញ្ញា រ៉េត សារីតា មិនត្រឹមតែទទួលបានការបំពាក់មកុដដ៏ស្រស់ស្អាត ដែលផ្ទេរឱ្យដោយម្ចាស់លាភីឆ្នាំចាស់ គឺបវរកញ្ញា សំណាង អេលីណា ប៉ុណ្ណោះទេ ប៉ុន្តែនៅទទួលបានពានរង្វាន់កិត្តិយសពណ៌មាសមួយថែមទៀតផង ។ បើងាកមើលមកុដដែលផ្ទេរពីបវរកញ្ញាឆ្នាំចាស់វិញ គេកត់សម្គាល់ឃើញមានការរចនាឡើងយ៉ាងស្រស់ស្អាតបែបខ្មែរ មានរចនាជាផ្ការំដួល និង មានដាំត្បូងជាច្រើន រំលេចឱ្យឃើញពីប្រណីតភាពគួរឱ្យចាប់ទាក់ទាញណាស់ ។
បើយោងតាមការបង្ហោះរបស់លោក Men Nimul ជាប្រធានប្រតិបត្តិការស្ថាប័ន Miss Universe Cambodia កាលពីឆ្នាំ ២០១៩ កន្លងទៅនោះបានឱ្យដឹងថា មកុដ Miss Universe Cambodia គឺមានតម្លៃប្រមាណជាង ១ ម៉ឺនដុល្លារ ដែលរចនាឡើងដោយលោក Samnang Jewelry ។ ជាមួយគ្នានោះទៀត លោក Men Nimul ក៏បានបញ្ជាក់លើទំព័រហ្វេសប៊ុកដដែលទៀតថា មកុដនោះបានរចនាឡើងពីប្រាក់សុទ្ធជារូបផ្ការំដួល ១០ ទង និង មានដាំត្បូងរតនៈគិរី ១ គ្រាប់យ៉ាងធំមានតម្លៃ ៥០០០ ដុល្លារ រួមជាមួយត្បូងពេជ្រតូចធំអមចំនួន ១១៣៣ គ្រាប់ថែមទៀត ៕