ព្រះអង្គម្ចាស់ក្សត្រី នរោត្ដម ពង្សសូរិយា ចប់បរិញ្ញាបត្រនយោបាយអន្តរជាតិ ត្រៀមបន្តអនុបណ្ឌិតទៀត
ព្រះអង្គម្ចាស់ក្សត្រី នរោត្ដម ពង្សសូរិយា ព្រះបុតី នៃសម្ដេចមហិស្សរានរោត្ដម ចក្រពង្ស ទើបតែបញ្ចប់ការសិក្សាលើជំនាញនយោបាយអន្តរជាតិ នាសាកលវិទ្យាល័យទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ពេលព្រះនាងត្រៀមបន្តយកអនុបណ្ឌិតបន្តទៀត ។
តាមរយៈគណនីហ្វេសប៊ុករបស់ព្រះអង្គម្ចាស់ក្សត្រីផ្ទាល់បានបង្ហាញរូបភាពថ្មីៗមួយចំនួន និង បានសរសេរសារថា «ទោះបីមិនបានចូលរួម កម្មវិធីទទួលសញ្ញាបត្រដោយផ្ទាល់ក៏ដោយ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា រំភើប និងសប្បាយយ៉ាងខ្លាំងនៅពេលដែល ទទួលបានសារជូនពរពីពុកម៉ែបងប្អូនទាំងអស់គ្នា ខ្ញុំអត់មានពាក្យអីក្រៅពីអរគុណដល់អ្នកទាំងអស់គ្នា និង ជូនពរអ្នកទាំងអស់គ្នាសុខភាពល្អ និង ជួបតែអ្វីដែលល្អៗ ចង់ប្រាប់ថាស្រលាញ់អ្នកទាំងអស់គ្នា♥️ ( មានសំណួរជាច្រើនសួរខ្ញុំថា តើមានគម្រោងធ្វើអ្វី បន្ទាប់ពីទទួលបានបញ្ញាប័ត្រ ? ចម្លើយគឺ ខ្ញុំនឹងរៀនបន្តដើម្បីយក អនុបណ្ឌិត)» ។
ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ទើបតែបញ្ចប់ការសិក្សាយ៉ាងជោគជ័យថ្នាក់បរិញ្ញាបត្រ ជំនាញនយោបាយអន្តរជាតិ នាសកលវិទ្យាល័យ University of International Business and Economics រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។
ព្រះអង្គម្ចាស់ក្សត្រី ត្រូវជាព្រះបុត្រី សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ហើយបើគិតតាមសែព្រះបិតា ព្រះអង្គម្ចាស់ក្សត្រី ត្រូវជាព្រះរាជនត្តា (ចៅស្រី) នៃព្រះករុណា ព្រះបរមរតនកោដ្ឋ និង ត្រូវជាព្រះភាគិនេយ្យា (ក្មួយស្រី) នៃព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៕