នៅផ្ទះឈ្នះ Covid-19! បូកថែម ៥ គន្លឹះនេះទៀត ទ្រទ្រង់ទាំងសម្រស់ និង សុខភាពឲ្យស្អាតព្រមគ្នា
ចាប់តាំងពីមានការផ្ទុះឡើងនូវប្រភេទជំងឺរាតត្បាតកូវីដ១៩ នៅតាមបណ្ដាប្រទេសជុំវិញសកលលោក មនុស្សគ្រប់រូបចាប់ផ្ដើមមានការភ័យខ្លាចជាខ្លាំង រហូតត្រូវអនុវត្តតាមវិធានការគម្លាតសង្គម និង វិធីបង្ការនានា ទៅតាមការណែនាំពីក្រសួងសុខាភិបាលផ្ទាល់ ។ ទោះស្ថិតក្នុងស្ថានភាពបែបនេះក្ដី ម្នាក់ៗចាំបាច់រក្សាសុខភាពផ្លូវចិត្ត និង ផ្លូវកាយឱ្យបានរឹងមាំ ទើបមិនបាក់សម្រស់ ។ ជាពិសេស ខណៈមានពេលទំនេរច្រើនជាងមុន ហើយមិនពិបាកចេញទៅក្រៅធ្វើការងារផងនោះ នេះជាឱកាសល្អបំផុតលើកសម្រស់ខ្លួនឯងឲ្យស្អាតជាងមុន ដូច្នេះក្រោយចប់កូវីដដឹងតែខ្ញង់ ហើយចេញក្រៅដោយភាពជឿជាក់ ។
ឆ្លៀតមានពេលស្រាប់ តោះ! អនុវត្តនូវវិធីសាស្ត្រ ៥ ចំណុចនេះ ដើម្បីទទួលបានទាំងសុខភាពរាងកាយ និង ស្បែក៖
១. ពិនិត្យរបបអាហារឱ្យបានត្រឹមត្រូវ
ក្នុងដំណាក់កាលថែរក្សាសុខភាព អ្នកគប្បីទទួលទាននូវប្រភេទអាហារសុខភាព ដែលជំនួយដល់រាងកាយនិង ស្បែក រួមមាន បន្លែ ផ្លែឈើ ដែលមានផ្ទុកនូវជាតិវីតាមីន និង សារធាតុចិញ្ចឹមជាច្រើនប្រភេទ ។ ជាពិសេសអ្នកអាចបន្ថែមជាមួយអាហារបំប៉ន ឬ ផ្លែឈើដែលសម្បូរជាតិវីតាមីន C នៅក្នុងរបបអាហារ ព្រោះវាមាននាទីជួយឱ្យប្រព័ន្ធការពាររាងកាយរឹងមាំ បន្ថយសម្ពាធឈាម ការពារបញ្ហាជំងឺបេះដូង ជំនួយស្មារតី ព្រមទាំងជួយឱ្យស្បែកតឹងណែន និង ភ្លឺស្អាតទៀតផង ។
២. រក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន លាបឡេថែបំប៉នស្បែករាល់ថ្ងៃ
ដើម្បីថែទាំសុខភាពឲ្យបានល្អ អ្នកគប្បីអនុវត្តនូវការរស់នៅស្អាត និង អនាម័យ ដោយលាងសម្អាតខ្លួនរាល់ពេលមកពីក្រៅ ព្រមទាំង លាងដៃឲ្យបានយ៉ាងតិច ២០ វិនាទី ឲ្យបានញឹកញាប់ ពិសេស គឺរាល់ញ៉ាំអាហារ ។ យ៉ាងណាមិញ ដោយសារមានការប៉ះពាល់ជាតិសាប៊ូ ឬ អាកុលច្រើនមកលើស្បែកដៃ និង ខ្លួន អ្នកគប្បីប្រើប្រាស់នូវប្រភេទឡេផ្ដល់សំណើមដល់ស្បែក ដើម្បីជៀសវាងបញ្ហាស្បែកស្ងួត ឬ កន្ទួលក្រហម ដែលបណ្ដាលមកពីការត្រូវជាតិសាប៊ូ ឬ កម្ដៅថ្ងៃច្រើន ។
មិនចង់បង្កជាបញ្ហាធំឲ្យស្បែកនៅពេលក្រោយ អ្នកគួរប្រើឡេលាបផ្តល់សំណើមដល់ស្បែករាល់ថ្ងៃ ដែលសម្បូរដោយវីតាមីន B3 ដូចដែលមានក្នុងប្រភេទឡេលាបស្បែករបស់ វាសឺលីន ។ គួរលាបក្រោយពេលងូតទឹកសម្អាតខ្លួនរួច ឬ ក្រោយពេលលាងដៃ ព្រោះនោះជាពេលដែលវីតាមីនចូលទៅថែបំប៉នស្បែកបានល្អបំផុត ជួយឲ្យស្បែកមានសុខភាពល្អ និងស្រស់ថ្លារាល់ថ្ងៃ។ ទោះមិនចេញក្រៅត្រូវកម្តៅថ្ងៃពិតមែន តែអ្នកអាចមិនចាប់អារម្មណ៍ថាតាមពិត ពន្លឺពីអេក្រង់កុំព្យូទ័រ ឬទូរសព្ទ័ ក៏អាចប៉ះពាល់ដល់សុខភាពស្បែក ធ្វើឲ្យស្បែកទៅជាស្រអាប់បានដែរ។ សម្រាប់អ្នកត្រូវធ្វើការងារច្រើនម៉ោងមុខកុំព្យូទ័រ ត្រូវតែបន្ថែមការយកចិត្តទុកដាក់ថែស្បែកឲ្យមែនទែន ពិសេស គឺស្បែកមុខ ។
សូមទស្សនាវីដេអូខាងក្រោម៖
៣. ព្យាយាមធ្វើលំហាត់ប្រាណ
ដើម្បីឱ្យសុខភាពខួរក្បាល និង រាងកាយមានសភាពរឹងមាំ អ្នកគួរឆ្លៀតពេលហាត់ប្រាណ ឬ ធ្វើចលនារាងកាយឲ្យបានយ៉ាងតិច ៣០ នាទីក្នុងមួយថ្ងៃ។ ការហាត់ប្រាណជួយសម្រួលដល់សម្ពាធឈាម បេះដូង និង សួតបានយ៉ាងល្អ។ លើសពីនេះ វាមានអត្ថប្រយោជន៍ធ្វើឲ្យស្បែកមានសុខភាពល្អ មានសភាពតឹងណែន កាត់បន្ថយបញ្ហាកើតមុន ឬ កន្ទួលរមាស់ ព្រមទាំងជួយឲ្យស្បែកមានសំណើម និង ភ្លឺរលោង ។
៤. ផឹកទឹកឲ្យបានគ្រប់គ្រាន់
ជាតិទឹកក្នុងរាងកាយគឺជារឿងសំខាន់ ព្រោះវាមាននាទីជំនួយដល់សុខភាពបេះដូង និង សម្ពាធឈាម ពង្រឹងប្រព័ន្ធភាពសុំារាងកាយ និង ជួយផ្ដល់សំណើមដល់ស្បែក ជួយឲ្យស្បែកមើលទៅភ្លឺ បំបាត់សភាពខ្មៅស្រអាប់ និង ញ្ហាមុនលើស្បែក។ យោងតាមអ្នកជំនាញសុខភាព នារីគួរពិសារទឹកឲ្យបានប្រមាណ ១.៦ លីត្រឡើងទៅក្នុង១ ថ្ងៃ និង បុរសលើសពី ២ លីត្រក្នុង ១ ថ្ងៃ ។ គួរបញ្ជាក់ថា តម្រូវការជាតិទឹកក្នុងរាងកាយរបស់មនុស្សម្នាក់ៗអាចមានបរិមាណផ្សេងៗពីគ្នាដោយយោងទៅតាម អាយុ ភេទ ទម្ងន់ កម្ពស់ បរិយាកាស និង ស្ថានភាពសុខភាពរបស់ពួកគេជាក់ស្ដែង ។
៥. គេងឲ្យបានគ្រប់គ្រាន់
ការគេងមិនគ្រប់គ្រាន់ក៏អាចបង្កជាបញ្ហាដល់រាងកាយ និង ស្មារតីផងដែរ។ ដើម្បីឲ្យប្រព័ន្ធការពាររាងកាយអាចមានថាមពលប្រឆាំងនឹងមេរោគនានា អ្នកចាំបាច់បំពេញនូវការគេងឲ្យបានគ្រប់ យ៉ាងតិចចំនួន ៧ ម៉ោងក្នុង១ ថ្ងៃ។ អ្នកដែលមានបញ្ហាក្នុងការគេង អាចអនុវត្តវិធីសាស្ដ្រជំនួយដល់ការគេង រួមមាន៖
– កាត់បន្ថយជាតិស្រវឹង ឬ ជាតិកាហ្វេអ៊ីន
– ហាត់ប្រាណជាប្រចាំ
– សាកល្បងសមាធិមុនគេង
– ផ្លាស់ប្តូរបរិយាកាសក្នុងបន្ទប់
– និង បិទរាល់សម្លេងរំខាន ៕
Source: សូមចុចទីនេះដើម្បីដឹងពីវិធីថែសុខភាព ខណៈពេលស្នាក់នៅផ្ទះ ។