ស្រឡាញ់គ្នាបែបស្ងាត់ៗ ទាក់ទងគ្នាស្ងាត់ៗ ជួនកាលមកពីភាពមិនច្បាស់លាស់ដៃគូម្ខាងទៀត
ស្រឡាញ់គ្នាស្ងាត់ៗ ផ្អែមល្ហែមស្ងាត់ៗ មានសុភមង្គលស្ងាត់ៗ មិនចាំបាច់ឱ្យអ្នកណាដឹង ជាឃ្លាដែលយើងឧស្សាហ៍ឮគេនិយាយ ភាគច្រើនចេញពីគូស្នេហ៍ដែលស្រឡាញ់គ្នាបែប Private ។ នៅក្នុងលក្ខខណ្ឌការស្រឡាញ់គ្នា ដែលមិនចង់ឱ្យអ្នកដទៃដឹងឮ មានហេតុផលមួយចំនួនបង្កប់នៅក្នុងទំនាក់ទំនងមួយនេះ ។ គូស្នេហ៍ខ្លះគិតថា មិនចង់ឱ្យអ្នកណាដឹង ប៉ុន្តែនឹងបង្ហាញនៅក្នុងថ្ងៃមង្គលការ គូស្នេហ៍ខ្លះទៀតមិនចង់បង្ហាញព្រោះខ្លាចខ្មាសគេនៅពេលបែកគ្នា ។ ប៉ុន្តែហេតុផលដែលគួរឱ្យខ្លាចជាងគេ គឺទំនាក់ទំនងស្នេហាបែបស្ងាត់ៗនេះ គឺអាចមកពីភាគីម្ខាងទៀតមិនទាន់ច្បាស់លាស់នឹងទំនាក់ទំនងមួយនេះ ។
ការស្រឡាញ់គ្នាបែបស្ងាត់ៗមិនមែនសុទ្ធតែដូចគ្នាឡើយ អ្នកខ្លះស្រឡាញ់គ្នាដោយមិនឱ្យអ្នកណាដឹងបានមួយរយៈ តែមិនយូរប៉ុន្មានពួកគេក៏បានលាតត្រដាង បន្ទាប់ពីស្វែងយល់ពីគ្នាច្បាស់លាស់ ។ ចំណែកឯខ្លះទៀតបែបស្ងាត់ៗ តែចុងក្រោយក៏បែកគ្នាស្ងាត់ៗដោយម្ខាងទៀតជាអ្នកសុំបែក ឬមួយក៏អ្នកទាំងពីរអស់អារម្មណ៍លើគ្នា ។ មានមនុស្សម្នាក់ដែលឈឺចាប់បំផុត ពេលស្នេហាមួយនេះត្រូវបញ្ចប់ ម្នាក់នោះគឺជាអ្នកដែលបង្កើតស្នេហាមួយនេះឡើង គឺជាមនុស្សម្នាក់ដែលស្រឡាញ់គេខ្លាំង ។ ស្រឡាញ់មនុស្សម្នាក់ដល់កម្រិត ទោះគេឱ្យនៅក្នុងលក្ខខណ្ឌអ្វីក៏យល់ព្រម ទោះស្រឡាញ់គ្នាបែបលួចលាក់ក៏បាន សំខាន់បានក្បែរគេម្នាក់នោះ ប៉ុន្តែចុងក្រោយបែរជាគេសុំធ្វើជាមិត្តវិញ ព្រោះហេតុផលរាប់រយជំពូករបស់គេ ។
ជួនកាលមកពីគេម្នាក់មិនច្បាស់លាស់ជាមួយអ្នកតាំងពីដំបូង មិនប្រាកដថានឹងអាចមានស្នេហាជាមួយអ្នកតាំងពីដើមទី ប៉ុន្តែគេមិនហ៊ានបដិសេធទើបសាកល្បងស្រឡាញ់អ្នក ។ ធម្មតានៅពេលដែលគេទទួលស្នេហាទាំងមិនច្បាស់លាស់ជាមួយអ្នក គេចាំបាច់ត្រូវស្រឡាញ់បែបស្ងាត់ៗ ព្រោះគេពិបាកនឹងសម្ដែងនៅនឹងមុខអ្នកដទៃ មិនចង់ឱ្យអ្នកណាដឹងឮថាគេមានគូស្នេហ៍ និងងាយស្រួលនៅក្នុងការបញ្ចប់ទំនាក់ទំនងមួយនេះ ។ ក្ដីស្រឡាញ់ដែលមិនច្បាស់លាស់ដែលគេផ្ដល់ឱ្យអ្នកវាគ្រាន់តែជាការកុហក ការលាក់បាំងអារម្មណ៍ពិតរបស់គេទៅលើអ្នក ហើយទង្វើដែលគេធ្លាប់ធ្វើកន្លងមកទៅលើអ្នកវាអាចគ្រាន់ជាការធ្វើទាំងចិត្តមិនចង់ ឬជាការសម្ដែងកុំឱ្យអ្នកអន់ចិត្តប៉ុណ្ណោះ ។
នៅពេលមួយដែលគេហត់នឿយ ហត់នឹងការលាក់បាំង ហត់នឹងសម្ដែងជាស្រឡាញ់អ្នក ចុងក្រោយគេក៏សុំអ្នកបែក ដើម្បីសម្រាលបន្ទុករបស់គេ ។ ហេតុផលដែលគេផ្ដល់ឱ្យអ្នកអាចជា គេមានអារម្មណ៍ជាមួយអ្នកត្រឹមជាមិត្ត ឬក៏ហេតុផលជាច្រើនទៀត ដើម្បីសុំប្រែក្លាយពីស្នេហាមកជាអ្នករាប់អានគ្នា ឬមួយក៏អាចក្លាយជាអ្នកដទៃជារៀងរហូត ៕