បើធុញថប់នឹងជីវិតរស់នៅក្នុងទីក្រុង អាចទៅលម្ហែកាយនៅរមណីយដ្ឋានធម្មជាតិបែបស្រុកស្រែភូមិស្លា
រមណីយដ្ឋានធម្មជាតិភូមិស្លា ជារមណីយដ្ឋានមួយ ត្រូវបានគេរៀបចំតុបតែងតាមបែបធម្មជាតិស្រុកស្រែពិតៗ មើលទៅពិតជាមានទេសភាពស្រស់ស្អាតខ្លាំង ចំពោះអ្នកដែលមានការធុញថប់នឹងជីវិតរស់នៅក្នុងទីក្រុង ហើយចង់ផ្លាស់ប្តូរបរិយាកាស និង ស្រូបយកខ្យល់អាកាសបែបធម្មជាតិនោះគឺអាចទៅលម្ហែកាយនៅរមណីយដ្ឋានធម្មជាតិភូមិស្លា ។
បើចង់ទៅ លម្ហែកាយនៅរមណីយដ្ឋានធម្មជាតិភូមិស្លានេះ ត្រូវទៅតាមផ្លូវក្រវាត់ក្រុងឆ្ពោះទៅកាន់វត្ដចក ចូលតាមច្រកផ្សារកន្ដ្រក ប្រមាណជា ២ គីឡូម៉ែត្រ លោកអ្នកនឹងបានឃើញដើមឈើដង្គត់ទើបដុះពន្លកស្លឹកថ្មីឈរកណ្ដាលទ្រូងផ្លូវ ជាសញ្ញាប្រាប់ភ្ញៀវថា ដល់ទីតាំង រមណីយដ្ឋានធម្មជាតិភូមិស្លានេះហើយ ។ រមណីយដ្ឋានធម្មជាតិភូមិស្លានេះ ស្ថិតនៅក្នុង ភូមិកន្ត្រក ឃុំស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
នៅខាងឆ្វេងដៃ មានស្រះធំៗមានទឹកថ្លាយង់ ដែលគេបានជីកដើម្បីជួយបន្ថយកំដៅ ដល់ភ្ញៀវទេសចរ នៅទីនោះក៏មាន ប្រឡាយ ៣ ឆ្នូត សណ្ដូកខ្លួនប្របតាមផ្លូវដើរហែរហមដំណើរ ដោយដើមចេកឈរជាជួរទៅកាន់ក្យូស ១១ ខ្នង បង្កើនបរិយាកាសឱ្យកាន់តែរមនា ខណៈដែលប្រឡាយទាំង ៣ ត្រូវបានតភ្ជាប់ដោយស្ពានឈើ ២ សម្រាប់ផ្ដល់ភាពងាយស្រួលដល់ភ្ញៀវដើរឆ្លងកាត់ ។ នៅខាងស្ដាំមានក្យូសធំចំនួន ២ ក្បែរគល់ស្ពានឈើ ភ្ជាប់ដោយស្ពានកាត់វាលស្រែ ជាទីគយគន់ទេសភាពរមណីយដ្ឋាន និង ថតរូបសែលហ្វ៊ីយ៉ាងស្រស់ស្អាត ។
នៅរមណីយដ្ឋានធម្មជាតិភូមិស្លា ភ្ញៀវអាចមើលថ្ងៃអស្ដង្គត់ និង បន្តអង្គុយលេងដល់ម៉ោង ៩ យប់ដោយទទួលទានជាមួយ មាន់ ទាស្រែ ផ្ទាប់ជាមួយបន្លែស្រស់ៗពីសហគមន៍កសិកម្មសាមគ្គីចំរើនផល ប្រឡាក់អាំងទឹកឃ្មុំ និង អាម៉ុកខ្យង ជាមុខម្ហូបពិសេសប្រចាំតំបន់ភូមិស្លា ដែលនឹងផ្ដល់នូវរសជាតិយ៉ាងជាប់ចិត្ដ ។ បើភ្ញៀវទេសចរ ចង់ទៅលម្ហែកាយនៅទីនោះ អាចទាក់ទងតាមលេខទូរស័ព្ទទាំងនេះបាន៖ ០៧៧ ៩៣០ ០០០/ ០៨៧ ៨៨៨ ៨៣៥ ៕