ទេសភាពធម្មជាតិដ៏ស្រស់បំព្រង នៅអន្លង់អូរឈើទាល ឃើញហើយចង់ទៅទស្សនាភ្លាម
ប្រសិនបើភ្ញៀវទេសចរទាំងឡាយបានទៅលេងទឹកជ្រោះព្រះនិម្មិតហើយ គួរតែចំណាយពេលវេលាខ្លះដើម្បីទៅទស្សនា ទេសភាព និង ធម្មជាតិដ៏ស្រស់ត្រកាល នៅអន្លងផ្សោត អូរឈើទាល ម្តង វានៅមិនឆ្ងាយពីទីនោះប៉ុន្មានឡើយ គ្រាន់តែចំណាយពេលបន្តិចបន្ទួច នឹងបានទៅដល់ទីនោះជាមិនខាន ។
នៅរដូវប្រាំងនេះ ទឹកជ្រោះព្រះនិម្មិតមានទេសភាពធម្មជាតិយ៉ាងស្រស់បំព្រង ដែលរំលេចទៅដោយ ផ្ទាំងថ្ម ដែលដុះចេញពីកណ្តាលទន្លេ បង្កើតបានទៅជាទេសភាពមួយគួរឱ្យចង់គយគន់ ។ យូរៗម្តង សត្វផ្សោត បានបង្ហាញខ្លួន ជូនភ្ញៀវទេសចរ បានទស្សនាផងដែរ ។ សហគមន៍អេកូទេសចរណ៍ ព្រះរំកិល ស្ថិតក្នុង ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្ដស្ទឹងត្រែង ដែលមានទីតាំងនៅជិតគ្នាបង្កើយនឹងទឹកធ្លាក់ព្រះនិម្មិត ខេត្តព្រះវិហារ ។
លោក ផយ វណ្ណា អនុប្រធាន អេកូទេសចរណ៍ព្រះរំកិលបានឱ្យដឹងថា សត្វផ្សោតក្នុងអន្លង់អូរឈើទាល កាលពីមុនមានរហូតដល់ទៅ ១០ ក្បាលឯណ្ណោះ តែនៅពេលនេះ សល់តែចំនួន ៣ ក្បាលប៉ុណ្ណោះ ។ ក្រៅពីនេះ វាបានងាប់ និង បាត់ខ្លួនមិនដឹងជាទៅណានោះទេ ព្រោះដោយសារមានសំឡេងរំខានក្នុងការសាងសង់ទំនប់វារីអគ្គិសនី ដនសាហ៊ុង ប្រទេសឡាវ ធ្វើឱ្យសត្វផ្សោតមានការបម្លាស់ទី ទៅរកទីសុវត្ថិភាព ព្រោះវាត្រូវការភាពស្ងប់ស្ងាត់ និង អន្លង់ជ្រៅ វិញ ៕