មង្គលការមួយឱ្យយុវជនមួយក្រុមដាក់ធុងបាសរាំញាក់ក្នុងពិធីហែជំនូន រងការរិះគន់ខ្លាំង (វីដេអូ)
ប៉ុន្មានថ្ងៃមកនេះ គេឃើញមានការចែកចាយវីដេអូខ្លីស្តែងពីពិធីមង្គលការមួយដែលគេមិនបានច្បាស់ពីទីតាំង បង្ហោះឡើងដោយម្ចាស់គណនីមួយមានឈ្មោះ Kong Mov កាលពីថ្ងៃទី ១៩ ខែកុម្ភៈកន្លងទៅថ្មីៗនេះ ដោយពិធីមង្គលការនោះហាក់បានធ្វើខុសឆ្គងនឹងគន្លងប្រពៃណីដ៏ផូរផង់របស់ខ្មែរពីបុរាណ គឺដាក់ធុងបាសឱ្យយុវវ័យមួយក្រុមរាំញាក់កន្ត្រាក់ដៃជើងផ្អើលពេញផ្លូវ ។
ទង្វើនេះបានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុករិះគន់យ៉ាងខ្លាំង ដោយបាននិយាយថាធ្វើឱ្យប៉ះពាល់ដល់ប្រពៃណីខ្មែរ និង ខូចទម្រង់នៃពិធីអាពាហ៍ពិពាហ៍ លែងស្គាល់អ្វីដែលជាអត្តសញ្ញាណជាតិ ។ លើសពីនេះទៅទៀត មហាជនបានដាក់បន្ទុកខ្លាំងៗដល់អ្នករៀបចំពិធី និង បុគ្គលជាសាមីពិធីមង្គលការនោះ ដោយបានបណ្តោយឱ្យយុវជនចង់សប្បាយភ្លេចប្រពៃណីមួយចំនួនរាំរឡាក់រឡើតខុសនឹងគន្លងប្រពៃណីបែបនេះឡើង ជាមួយនឹងការស្នើដល់ក្រសួងដែលពាក់ព័ន្ធ ពិសេសក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ហៅមកណែនាំដើម្បីកុំឱ្យប្រព្រឹត្តខុសនឹងគន្លងប្រពៃណីបែបនេះទៀត បើមានពិធីមង្គលការលើកក្រោយៗដែលគំរូអាក្រក់ ។
ស្តែងតាមរយៈពិធីមង្គលការនេះដែរ នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នគេកត់សម្គាល់ឃើញមានការកំឡាយកាត់ពិធីជាច្រើនដែលធ្វើឡើងក្នុងពិធីមង្គលការខ្មែរ ដែលវាឃ្លាតចាកឆ្ងាយពីប្រពៃណីតាំងពីបុរាណណាចារ្យមក ដូចជា ពិធីកាត់នំមានស្លៀកពាក់បែបអឺរ៉ុប ការស្លៀកពាក់បែបចិនសែនកុងម៉ា និង ជាក់ស្តែងគឺការរាំរឡាក់រឡើតដោយដាក់ធុងបាសក្នុងពិធីហែជំនូននេះជាដើម ដែលចាត់ជាការវង្វេងប្រពៃណី និង មិនស្គាល់ពីអត្តសញ្ញាណដ៏មានតម្លៃខ្លួនឯង ។
គួរឱ្យដឹងដែរថា តាំងពីបុរាណណាចារ្យមក ពិធីមង្គលការ ឬ អាវាហ៍វិវាហ៍ខ្មែរ មានក្បួន និង ពិធីត្រឹមត្រូវ ដែលជាទូទៅគេប្រារព្ធឡើងរយៈពេល ៣ ថ្ងៃ ប៉ុន្តែចំណេរកាលក្រោយមកត្រូវបានគេសន្មតកាត់យកត្រឹម ២ ថ្ងៃ ដោយនៅតែរក្សាបាននូវពិធីយ៉ាងខ្ជាប់ខ្ជួនដដែល ដែលមានដូចជា ៖
-ថ្ងៃទី១ ថ្ងៃចូលរោង ៖ គឺជាថ្ងៃដែលគេតម្លើងរោងនៅផ្ទះខាងស្រី ជាថ្ងៃដែលខាងស្រីត្រូវរៀបចំសែនក្រុងពាលីដើម្បីសុំសេចក្តីសុខ ក្នុងថ្ងៃមង្គលការ តង្វាយត្រូវរៀបលក្ខណៈជាគូៗ និងមានពិធីសូត្រមន្ត នាពេលរសៀលដើម្បីចម្រើនព្រះបរិត្ត និង បណ្ដេញពួកផ្លូវងងឹតក្នុងពិធីមង្គលផងដែរ…។
-ថ្ងៃទី២ ជាថ្ងៃដែលគេប្រារព្ធពិធីមង្គលការ ៖ កិច្ចចាប់ផ្តើមបើកដោយពិធីហែជំនូន ពិធីហែជំនូនគេកំណត់យកម៉ោងដង្ហែ ៧ ព្រឹក ដើម្បីហែគ្រឿងភស្តុភាបណ្ណាការ (ជំនូន) ទៅផ្ទះខាងស្រី ដែលគេកំណត់យក បណ្ដារការ ៣៦ មុខ ដែលបងប្អូនខ្មែរច្រឡំថាផ្លែឈើ ៣៦ មុខរហូតមកដល់បច្ចុប្បន្ន អ្នកចូលរួមហែជំនូន ត្រូវឈរពីរជួរ និង កាន់បណ្ដារការជាគូៗ…។ អត្ថន័យនៃការហែជំនូនគឺចង់ដឹងពីរបៀបរៀបរយខាងប្រុស ហែជំនូនត្រូវមានលក្ខណៈហែស្រប និង ទល់មុខរោងការ ហាមការហែបញ្ច្រាសរោងការ និង ធ្វើឱ្យបែកបាក់គ្នា ឬ រកស៊ីតឹងតែង ផ្លែឈើដែលហាមក្នុងថ្ងៃហែជំនូនគឺមានតែមួយប៉ុណ្ណោះ គឺផ្លែត្របែក តំណាងឱ្យភាពបែកបាក់..។ នៅមុខក្លោងទ្វារការ គេត្រូវរៀបចំអ្នកកាន់ផ្កា ២ នាក់មកកាន់ខ្សែបិទក្លោងទ្វារ ដើម្បីបញ្ជាក់ពីភាពបរិសុទ្ធរបស់ខាងស្រី នៅពេលខាងប្រុសមកដល់ អ្នកកំដរដែល ២ នាក់កាន់ឆត្រ និង ម្នាក់ទៀតដែលទំនេរ ត្រូវយកដាវហុចទៅកូនកំលោះ ដើម្បីកាត់ខ្សែចំណងនោះ យើងអាចឧបកិច្ចឱ្យទម្លាក់ខ្សែរចេញបាន ទើបគេឱ្យកូនក្រមុំចេញមក ។
បន្ទាប់មក ពិធីសែនមេបា និង ជំនាងផ្ទះ គេដាក់ចំណីក្នុងកន្ទោង លើកដាក់ទៅក្នុងច្រម ជាកន្លែងសម្រាប់តង្វាយជូនដល់ជំនាងផ្ទះ និង រៀបចំម្ហូបអាហារមួយតុ ឬ មួយថាស ដើម្បីប្រាប់ជាតំណឹងកុំឱ្យមេបា ជីដូនជីតា ប្រកាន់ខឹង ។ ពិធីកាត់សក់ ជាដំបូងអាចារ្យបួងសួងសុំរបស់ទិព្វពីទេវតា ដែលមានប្រុសស្រីមួយគូចេញមករាំច្រៀងជាតំណាង ហើយឧបកិច្ចកាត់សក់ ក្រាសមាស កន្ត្រៃ ប្រាក់ កញ្ចក់ ផ្ទិលទឹក ។ អត្ថន័យ ឪពុកម្តាយត្រូវកាត់សក់តំណាងឱ្យការកាត់ចិត្ត និង ដោះលែងសិទ្ធិឃុំគ្រងលើជីវិតកូន ទាំងខាងប្រុស និង ខាងស្រី ។ ពិធីរាំបើកវាំងននអញ្ជើញកូនក្រមុំ ពិធីសំពះផ្ទឹម បន្ទាប់មកពិធីអុចទៀនបង្វិលប្រាំពីរជុំ (ពាក្យខុសបង្វិលពពិល) បន្ទាប់មកពិធីសែនចងដៃ រួចបញ្ចប់ដោយពិធីបាចផ្កាស្លា និង ពិធីតោងស្បៃចូលក្នុងបន្ទប់ ។
-ពិធីរៀបភោជនាហារជូនភ្ញៀវ ៖ គេនិយមរៀបចំពិធីជប់លៀងភ្ញៀវនាពេលយប់ជាមួយនឹងការច្រៀងរាំកម្សាន្ត ។ ក្រោយបញ្ចប់ពិធីមង្គលការ ទើបគូស្វាមីភរិយាសន្មតជាថ្ងៃជ័យគមង្គលសម្រាប់ការចាប់ផ្ដើមដំណើរជីវិតរួមគ្នា ៕