លោកយាយវ័យ ៩៨ ឆ្នាំម្នាក់ជួបជុំគ្នាជាមួយបងស្រីវ័យ ១០១ ឆ្នាំវិញ ក្រោយបែកគ្នាក្នុងជំនាន់ប៉ុលពត
លោកយាយ ២ រូប ជាបងប្អូននឹងគ្នា ម្នាក់វ័យ ៩៨ ឆ្នាំ និងម្នាក់ទៀតវ័យ ១០១ ឆ្នាំ បានវិលជួបជុំគ្នាជាថ្មី ក្រោយបែកគ្នាអស់ពេល ៤៧ ឆ្នាំ ដោយអស់សង្ឃឹម គិតថាស្លាប់រៀងៗខ្លួន ក្នុងសម័យប៉ុលពត ។
បើតាមអង្គការ NGO បានបញ្ជាក់ដែរថា លោកយាយ ប៊ុន សេន វ័យ ៩៨ ឆ្នាំ ក៏បានជួបជុំគ្នាជាមួយប្អូនប្រុសរបស់គាត់ដែរ (វ័យ ៩២ ឆ្នាំ) ដែលគាត់ធ្លាប់គិតថា បានចែកឋានបាត់ដែរហើយនោះ ។
ខាងអង្គការក្រៅរដ្ឋាភិបាល Cambodian Children’s Fund ដែលជួយផ្គត់ផ្គង់លោកយាយ ប៊ុន សេន តាំងពីឆ្នាំ ២០០៤ មកនោះ បានរកឃើញថា បងប្អូនរបស់លោកយាយ នៅមានជីវិតនៅឡើយទេ ហើយកំពុងរស់នៅក្នុងភូមិមួយ ។
ក្រោយបែកគ្នាអស់ពេលរាប់ទសវត្សមក លោកយាយ ប៊ុន សេន ក៏បានជួបជុំគ្នាជាថ្មី ជាមួយបងស្រីធំរបស់គាត់ ប៊ុន ជា និងប្អូន ប្រុសម្នាក់ទៀតវិញ កាលពីសប្ដាហ៍មុននេះ ។
គួរបញ្ជាក់ថា លោកយាយទាំង ២ នាក់បងប្អូន បានជួបគ្នាលើកចុងក្រោយបំផុត នៅក្នុងឆ្នាំ ១៩៧៣ ត្រឹម ២ ឆ្នាំ មុនពេលសម័យប៉ុលពត ចូលត្រួតត្រាកម្ពុជា ។
លោកយាយ ប៊ុន សេន បានបាត់បង់ប្ដីរបស់គាត់ នៅសម័យប៉ុលពត ហើយក្រោយមក ក៏បានស្នាក់នៅម្ដុំគំនរសំរាមស្ទឹងមានជ័យ ក្នុងរាជធានី ភ្នំពេញ ។
ជាច្រើនឆ្នាំសឹងពេញមួយជីវិតរបស់គាត់ លោកយាយ បានប្រកបរបរដើររើសសំរាម កំប៉ុងអេតចាយ ដើម្បីយកលក់ រួមទាំងជួយមើលថែក្មេងៗនៅទីនោះផងដែរ ។
លោកយាយបាននិយាយថា ក្ដីស្រមៃរបស់គាត់ គឺចង់ទៅលេងស្រុកកំណើតរបស់ខ្លួន នៅខេត្តកំពង់ចាម ប៉ុន្តែដោយសារតែកត្តាមួយចំនួនដូចជា វ័យចាស់ជរា មិនអាចដើរបានដូចមុន ទើបធ្វើឲ្យលោកយាយពិបាកខ្លាំង មិនអាចធ្វើដំណើរវែងឆ្ងាយបាន ៕
ប្រភព៖ BBC