នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននាំភ្ញៀវទេសចរមកនាវា Westerdam ពីខេត្តព្រះសីហនុ ដើរលេងកម្សាន្ដតាមទីតាំងទេសចរណ៍សំខាន់ៗក្នុងរាជធានីភ្នំពេញ ។
តាមការចុះផ្សាយរបស់ Fresh News លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងថា ភ្ញៀវទេសចរអាជ្ញាធររាជធានីភ្នំពេញ នាំដើរលេងកម្សាន្ដនេះមានចំនួន ១២០នាក់ ដែលមានសញ្ជាតិផ្សេងៗគ្នាមកពីច្រើនប្រទេស ។
ភ្ញៀវទេសចរទាំងនោះនឹងទៅកម្សាន្តនៅតំបន់សំខាន់ៗមួយចំនួនដូចជា៖ មុខព្រះបរមរាជវាំង, តាមមាត់ទន្លេ និងកន្លែងកម្សាន្ដផ្សេងៗទៀត បន្ទាប់មកនឹងត្រូវទៅស្នាក់នៅសណ្ឋាគារសុខា។ ដំណើរកម្សាន្ដនេះ នឹងត្រូវបញ្ចប់នៅម៉ោង ៦ល្ងាច ដើម្បីផ្ដល់ឱកាសឲ្យភ្ញៀវទេសចរដែលចុះពីកប៉ាល់ Westerdam ជួបជុំគ្នានៅសណ្ឋាគារសុខា ៕