សម្ដេចនាយករដ្ឋមន្ត្រី ស្នើសុំកុំឱ្យកម្មករ-កម្មការិនី តក់ស្លុត ពេលបិទទ្វាររោងចក្រនៅខែក្រោយនេះ
រោងចក្រមួយចំនួន ពិសេសរោងចក្រកាត់ដេរនឹងត្រូវបិទទ្វារជាបណ្ដោះអាសន្ន ដោយហេតុប្រភពផ្គត់ផ្គង់វត្ថុធាតុដើមនៅប្រទេសចិនត្រូវបានផ្អាកការនាំចេញ ព្រោះប្រទេសមួយនេះកំពុងវឹកវដោយសារវីរុសកូរ៉ូណា ។
ពាក់ព័ន្ធនឹងការបិទទ្វាររោងចក្រមួយចំនួននៅខែមីនា ខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា សូមឱ្យប្រជាពលរដ្ឋកុំមានការយល់ច្រឡំ នៅពេលឃើញរោងចក្រនៅកម្ពុជាបិទទ្វារនាពេលខាងមុខនេះ ។ ការបិទទ្វាររោងចក្រនេះ គឺបណ្ដាលមកពីចិនបិទទ្វាររោងចក្រខ្លួនឯង ព្រោះវីរុសកូរ៉ូណា ។ មួយវិញទៀត ចិន ជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើមដ៏ធំនៅលើពិភពលោក ។ ដូច្នេះកម្ពុជាក៏ត្រូវរងផលប៉ះពាល់ផងដែរ ពិសេសវិស័យកាត់ដេរ ។
សម្ដេចនាយករដ្ឋមន្ត្រី បានស្នើសុំកុំឱ្យបងប្អូនកម្មករ-កម្មការិនី តក់ស្លុត នៅពេលបិទទ្វាររោងចក្រ ។ សម្ដេចក៏សូមកុំឱ្យបងប្អូនយកបញ្ហាបិទទ្វាររោងចក្រនេះ ទៅធៀបនឹងការដកប្រព័ន្ធអនុគ្រោះពន្ធពីសំណាក់គណៈកម្មការអឺរ៉ុប ។ សម្ដេចថ្លែងថា បើទោះបីជាបាត់បង់ EBA ក៏សេដ្ឋកិច្ចកម្ពុជាមិនស្លាប់ដែរ ។ ការបាត់បង់ EBA មិនមែនមានន័យថា កម្ពុជាបាត់ទីផ្សារអឺរ៉ុបឡើយ ដោយគ្រាន់តែតម្រូវត្រូវបង់ពន្ធបន្ថែមលើការនាំចូលទៅកាន់ទីផ្សារអឺរ៉ុបប៉ុណ្ណោះ ៕