អីយ៉ាស់! កម្ម៉ង់ស្លាកលេខពិសេសផ្ទាល់ខ្លួន ទិញម្ដងប្រើបានមួយជីវិតតម្លៃ ពីរលានរៀល រហូតដល់ មួយពាន់លានរៀល
ឥឡូវនេះ លេខពិសេសផ្ទាល់ខ្លួន ដែលលោក អ្នកបានទន្ទឹងរងចាំជាយូរមកហើយនោះ បានសម្ភោធបើកឱ្យដំណើរការលក់ជាផ្លូវការហើយ នារសៀលថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២០នេះ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និង ដឹកជញ្ជូន ។ ហើយលេខពិសេសផ្ទាល់ខ្លួនសម្រាប់បំពាក់លើរថយន្តនេះ គឺអាចប្រើប្រាស់អស់មួយជីវិត និង តកូន តចៅបាន បើនិយាយតម្លៃវិញញាក់សាច់ ប៉ុន្តែសម្រាប់អ្នកមានវិញ មិនមានអ្វីជាបញ្ហាឡើយ ។
លេខពិសេសផ្ទាល់ខ្លួននេះ គឺមានតម្លៃចាប់ពី ២ ០០០ ០០០ រៀល (ពីរលានរៀល ) រហូតដល់ ១ ០០០ ០០០ ០០០រៀល ( មួយពាន់លានរៀល ) ។ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា លេខពិសេសផ្ទាល់ខ្លួន គឺសំដៅលើប្រភេទលេខចុះបញ្ជី ដែលផ្នែកខាងលើសរសេរអក្សរខ្មែរ “កម្ពុជា” ផ្នែកកណ្ដាលជាលេខចុះបញ្ជីមានលេខ ឬ/និង អក្សរឡាតាំងមិនលើសពី ៨(ប្រាំបី)ខ្ទង់ និង ផ្នែកខាងក្រោមសរសេរអក្សរឡាតាំង“CAMBODIA” នៅពីក្រោមបន្ទាត់ផ្តេក។ ស្លាកលេខពិសេសផ្ទាល់ខ្លួននេះ អាចដាក់ឈ្មោះ ឬ លេខដែលខ្លួនពេញចិត្តបាន លើកលែងតែឈ្មោះទីកន្លែងប្រវត្តិសាស្រ្ត ឈ្មោះប្រាសាទ ឈ្មោះរាជធានី-ខេត្ត ឈ្មោះក្រសួង-ស្ថាប័ន គណបក្សនយោបាយ ឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ និង ជនល្បីឈ្មោះ ជាដើម ។
គួរបញ្ជាក់ផងដែរថា ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួននេះ ត្រូវបានបែងចែកជាបីប្រភេទគឺ ទិញ ស្នើទិញ និង ការដាក់ដេញថ្លៃ ។ លេខសម្រាប់ដាក់លក់ គឺជាលេខទាំងឡាយណា ដែលមានចំនួនតួអក្សរ[A-Z] ឬលេខ[0-9] និង សញ្ញាចុច[.] ហើយត្រូវបានកំណត់តម្លៃ ដោយស្វ័យប្រវត្តិ ផ្អែកលើមូលដ្ឋានរូបមន្តប្រមាណជា១២០០រូបមន្ត ។ ការដេញថ្លៃត្រូវធ្វើឡើងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ប្រព្រឹត្តទៅនៅក្នុងសាល ឬតាមប្រព័ន្ធអនឡាញ ដែលមានអាស័យដ្ឋាន៖ vehicle.mpwt.gov.kh ហើយអ្នកដេញថ្លៃដែលឱ្យថ្លៃខ្ពស់ជាងគេបំផុតជាម្ចាស់នៃលេខនោះ។ ចំណែកឯការទូទាត់ប្រាក់ត្រូវធ្វើតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ៕