កំណត់ថ្ងៃជាមួយប្រូ ជាមួយស៊ីសទៅ! រមណីយដ្ឋានកោះអណ្ដែត មានគេងលើទឹក ទេសភាពស្អាតខ្លាំង
បន្ទាប់ពីខិតខំប្រឹងប្រែង រកស៊ី បំពេញការងារពេញមួយឆ្នាំ ចុងខែ ១២ នេះអាចនិយាយបានថា ជាពេលវេលាដ៏ល្អបំផុតសម្រាប់ការធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍នានា ។ គ្នាយើងកំពុងគិតថា គួរទៅលេងកម្សាន្តនៅទីណាដែលមានទេសភាពធម្មជាតិ ស្ងប់ស្ងាត់ មានព្រៃភ្នំ មានទឹកមែនទេ ? ថ្ងៃនេះ «ប្រជាប្រិយ» សូមណែនាំឱ្យស្គាល់រមណីយដ្ឋានដ៏ស្រស់ស្អាតមួយនៅខេត្តកោះកុង គឺ «កោះអណ្ដែត» ។
ជាកន្លែងបែបធម្មជាតិសុទ្ធសាធ មានសង់ផ្ទះស្នាក់នៅតាមបែបខ្មែរនៅលើទឹក មានផាសុកភាព ពិសេសនោះហ៊ុមព័ទ្ធទៅដោយព្រៃកោងកាងដ៏ស្រស់បំព្រង មានទឹកថ្លាឈ្វេង ដែលធ្វើឱ្យតំបន់ទេសចរណ៍មួយនេះស្រស់ស្អាតដូចផ្ទាំងគំនូរ ។
នៅពេលដែលទៅដល់ទីនោះអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ស្រស់ស្រាយជាមួយខ្យល់អាកាសដ៏ល្អបរិសុទ្ធខ្យល់បក់មករំភើយ ក្លិនព្រៃធម្មជាតិ ស្ដាប់សុះឡេងសត្វស្រែកច្រៀងទ្រហឹងអឺងកង យប់ឡើងគយគន់អំពិលអំពែក ។ ទោះបីជាមានទុក្ខកង្វល់ធំប៉ុនមហាសមុទ្រក៏អាចរលាយបានដែរ ។
រមណីយដ្ឋាន «កោះអណ្ដែត» មានទីតាំងស្ថិតនៅភូមិភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។ ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខ 016977677