ប្រពន្ធពិការ មិនអាចនាំដើរលេងបាន បុរសជប៉ុនម្នាក់ ខំធ្វើសួនផ្កាឱ្យប្រពន្ធ រហូតក្លាយជាតំបន់ទេសចរណ៍
លោកគូរ៉ូគិ និង លោកស្រី គូរ៉ូគិ ជាប្តីប្រពន្ធដែលបានរៀបការតាំងពីឆ្នាំ១៩៥៦ ដោយពួកគាត់ទាំងពីរ មានគំរោងដើរលេងជុំគ្នាទូទាំងប្រទេសជប៉ុន បន្ទាប់ពីចូលនិវត្តន៍ ។
ជាអកុសល មុនពេលចូលនិវត្តន៍ លោកស្រី គូរ៉ូគិ ត្រូវក្លាយជាមនុស្សពិការភ្នែកដោយសារតែជំងឺទឹកនោមផ្អែម ។ ការពិការភ្នែកភ្លាមៗនេះ បានធ្វើឱ្យអ្នកស្រីមានបញ្ហាផ្លូវចិត្ត និងបាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរ ដោយសារអ្នកស្រីអស់សង្ឃឹមថានឹងគ្មានឱកាសបានសម្រេចគំរោងរបស់ខ្លួន និង ស្វាមីនោះឡើយ ។
លោក គូរ៉ូគិ ពិតជាពិបាកចិត្តជាខ្លាំងនៅពេលឃើញប្រពន្ធលោកបែបនេះ ទើបលើកព្យាយាមគិតរកវិធីក្នុងការស្តារស្ថានការណ៍ឡើងវិញ ។ គំនិតមួយបានកើតឡើងនៅពេលដែលលោកកំពុងនៅក្នុងសួនផ្កាឈ្មោះថា Shibazakura តូចមួយ របស់លោក ហើយមានមនុស្សមកឈរមើលផ្កាទាំងនោះ ។
លោកបានគិតថា ប្រសិនបើលោកដាំផ្កាឱ្យបានច្រើនជាងនេះ ប្រាកដជាមានអ្នកមកទស្សនាច្រើន ហើយពិតជាផ្នែកមួយអាចជួយលើកទឹកចិត្តប្រពន្ធលោកឡើងវិញ ។ បន្ទាប់មក លោកបានចំណាយពេល២ឆ្នាំបន្ទាប់ ក្នុងការដាំផ្កាឱ្យបានច្រើនបំផុតតាមតែអាចធ្វើបាន រហូតធ្វើឱ្យសួនផ្ការបស់លោកក្លាយជាសួនផ្កាមួយដ៏ស្រស់ស្អាតនៅក្នុងប្រទេសជប៉ុនទាំងមូល និងល្បីល្បាញ ដោយគេបានដឹងថា លោកដាំផ្កាទាំងនេះសម្រាប់ប្រពន្ធរបស់លោក ។
រហូតមកដល់ពេលនេះ សួនផ្ការបស់លោកបានល្បីឈ្មោះរយៈពេល១០ឆ្នាំមកហើយ ដោយបានទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជាច្រើន ដោយមិនត្រឹមតែផ្តល់ភាពស្រស់ស្រាយសប្បាយរីករាយដល់ពួកគេ ប៉ុន្តែវាបានកែប្រែជីវិតអស់សង្ឃឹមរបស់លោកស្រី គូរ៉ូគិ បានទាំងស្រុង ៕
ប្រភព៖ Japan and Extra