ចង់ដាច់ផ្ងារ ពេលដឹងថាឡេលាយ លាយឲ្យតែបានៗ គ្មានក្បួនខ្នាត ធ្វើឲ្យគ្រោះថ្នាក់ដល់ជីវិត ឈប់ប្រើហើយអ៊ីចឹងនោះ!
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាបានបញ្ជាក់ឲ្យដឹងថា សព្វថ្ងៃនេះពពួកឡេលាយមិនត្រូវបានផលិតតាមក្បួនខ្នាតត្រឹមត្រូវនោះទេ ។ វាគឺជាការច្នៃដោយអ្នកលក់ផ្ទាល់ ច្នៃដោយអ្នកលាយម្សៅ អ្នកលក់គ្រឿងសម្អាង ឬក៏អ្នកដែលផលិតផលិតផលក្លែងក្លាយ ដោយគាត់ធ្វើម៉េចឲ្យឃើញសលឿន ប៉ុន្តែគាត់មិនបានគិតពីផលវិបាករបស់អ្នកប្រើប្រាស់នោះទេ ។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានស្នើឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ ប្រុងប្រយ័ត្នឲ្យបានខ្ជាប់ខ្ជួន និងចៀសវាងការប្រើឡេលាយលាបស្បែកដោយឯកឧត្តមបានបញ្ជាក់ថា «មិនដែលណាទៅលាបឡេភ្លាម សភ្លាម មើលតែដាក់ទឹកក្តៅកោសជ្រូកចឹង យូរៗទៅខ្ទេចខ្ទីអស់ហើយ ។ សបានមួយភ្លែតហ្នឹង អាស៊ីត ហើយដាក់វត្ថុសម្រាប់ធ្វើឲ្យស្បែកស មួយភ្លែតទៅវាពុល ធ្វើឲ្យរលាកស្បែកទៅថ្ងៃក្រោយ» ។
យោងតាមការបញ្ជាក់របស់គ្រូពេទ្យឯកទេសជំនាញរោគសើស្បែកបានឲ្យដឹងថា ឡេលាយ គឺជាការលាយបញ្ចូលគ្នានូវសារធាតុដែលមានគ្រោះថ្នាក់យ៉ាងច្រើន ដើម្បីជួយកែខៃស្បែកឲ្យស ស្រស់ថ្លា និង ភ្លឺរលោងក្នុងរយៈពេលខ្លីណាមួយ តែស្បែកនោះនឹងខូចទៅវិញ ហើយនឹងប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរនាពេលខាងមុខ។ ឡេលាយលាបស្បែកអាចធ្វើឲ្យស្បែករបស់អ្នកឡើងកន្ទួលក្រហម រមាស់ រលាក ហើយប្រសិនបើស្បែករបស់អ្នកឆាប់មានប្រតិកម្ម អ្នកនឹងអាចរងផលប៉ះពាល់ធ្ងន់ធ្ងរជាងនេះ ។
អ្នកជំនាញបានបន្តទៀតថា សារធាតុដែលមាននៅក្នុងឡេលាយបង្កឱ្យមានបញ្ហាប្រតិកម្មលើស្បែក ដូចជាបណ្ដាលឱ្យខូចស្បែក ។ អ្នកខ្លះមានបញ្ហារមាស់ដល់ថ្នាក់អេះចេញឈាម និង ឡើងកន្ទួលធំៗ ដែលឡេលាយអាចជ្រាបចូលដល់កោសិកាខាងក្នុង ប៉ះទង្គិចដល់សុខភាពស្បែក និង សុខភាពរាងកាយ ។
បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល បាននឹងកំពុងបន្តយុទ្ធនាការដូចភ្លៀងរលឹមក្នុងការបង្ក្រាបជារៀងរាល់ថ្ងៃចំពោះចរាចរណ៍ឡេលាយសម្រាប់លាបស្បែកឲ្យស និងរៀបចំប្រព័ន្ធចុះបញ្ជីការ តាមអនឡាញដើម្បីកំណត់ពីប្រភពនាំចូលឡេលាបស្បែកត្រឹមត្រូវផងដែរ ។ ក្រសួងសុខាភិបាលក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋឈប់ប្រើប្រាស់ឡេលាយ ឬផលិតផលដែលមិនមានប្រភពច្បាស់លាស់ និង ច្បាប់អនុញ្ញាត្រឹមត្រូវនេះ សូមជ្រើសរើសផលិតផល ដែលមានស្លាកសញ្ញាឈ្មោះផលិតផល និងប្រភពផលិតច្បាស់លាស់ ព្រមទាំងមានការទទួល ពិនិត្យសារធាតុផ្សំត្រឹមត្រូវពីក្រសួងសុខាភិបាល ដើម្បីចៀសផុតពីបញ្ហាទាំងឡាយ ៕