Lexus RX 450h ឆ្នាំ ២០២០ ចេញលក់នៅវៀតណាម តម្លៃញាក់សាច់
រថយន្ត Lexus RX 450h ស៊េរីឆ្នាំ ២០២០ បានបង្ហាញខ្លួនជាផ្លូវការ នៅកម្មវិធី Vietnam Motor Show 2019 ក្នុងប្រទេសវៀតណាម ដោយទទួលបានការ Update រូបរាង , បន្ថែមប្រព័ន្ធសុវត្ថិភាព Lexus Safety System+ មកស្តង់ដារ និង ប្រព័ន្ធកម្សាន្ត-ព័ត៌មាន ដែលអាចដំណើរការជាមួយមុខងារ Apple CarPlay និង Android Auto បានទៀតផង ។
វាមិនត្រឹមតែទទួលបានការរចនាចង្កៀងមុខស្លីមជាងមុនប៉ុណ្ណោះទេ ថែមទាំងបានបំពាក់បច្ចេកវិទ្យាចង្កៀងមុខ LED ដ៏អស្ចារ្យមួយ ដំបូងគេបង្អស់ទៀតផង ហៅថា BladeScan Adaptive High-Beam Headlights ដែលនឹងជួយឱ្យមើលផ្លូវខាងមុខឃើញកាន់តែប្រសើរជាងមុន ។ បច្ចេកវិទ្យាចង្កៀងមុខ LED ដំបូងគេបង្អស់នេះ នឹងជួយឱ្យអ្នកបើកបរអាចមើលឃើញកន្លែងដែលចង្កៀង LED ធម្មតាពិបាកមើលឃើញ ដូចជា គន្លាតផ្លូវ , អ្នកដំណើរថ្មើរជើង និង ឧបសគ្គផ្សេងៗ ខណៈស្លាកសញ្ញាចរាចរនឹងត្រូវបំភ្លឺមុនគេ ។
ដោយឡែក ផ្នែកខាងក្នុងរបស់ RX 450h ថ្មី បានបំពាក់អេក្រង់ Touchscreen ទំហំ ១២,៣ អ៊ីង អាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto បានទៀតផង ។
បើនិយាយពីមុខងារសុវត្ថិភាពវិញ គឺ Lexus Safety Systems ជំនាន់ទី ២ ដែលរួមមាន Active Cruise Control, Pre-collision Warning, Lane-Keeping Assist, Adaptive Automatic Headlight System, High-Speed Scanning Technology BladeScan AHS, Reversing Collision Warning, Blind Spot Warning, Tire Pressure Warning, Vehicle Body Stability និង ពោងសុវត្ថិភាព ១០ គ្រាប់ ។
សូមបញ្ជាក់ថា រថយន្ត Lexus RX 450h បំពាក់ម៉ាស៊ីន Hybrid ចំណុះ ៣,៥ លីត្រ ទំហំ ៦ ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនី ២ មានកម្លាំងសរុប ៣០៨ សេះ ប្រើប្រអប់លេខអូតូ CVT និង ប្រព័ន្ធប៉ុងពីរ ។ វាត្រូវបានដាក់លក់លើទីផ្សារប្រទេសវៀតណាម ក្នុងតម្លៃខ្ទង់ ២០០ ០០០ ដុល្លារឯណោះ ៕
ប្រភព ៖ vnexpress