បទពិសោធជាក់ស្ដែង ទៅលេងកោះស្ដេចសប្បាយកប់ សឹងមិនបាច់អស់លុយថ្លៃម្ហូប
បើនិយាយដល់កោះស្ដេចអ្នកដែលធ្លាប់បានទៅលេងកម្សាន្ត គឺប្រាកដជានឹកឃើញទៅដល់គ្រឿងសមុទ្រធម្មជាតិស្រស់ៗ ថ្មីៗ ដ៏សម្បូរបែបរសជាតិដើមតែម្ដង ។
ជាពិសេសនោះ គឺគ្រាន់តែជួលសន្ទូចមួយ មិនខ្វះម្ហូបនោះទេ គ្រាន់តែដាក់ចង្ក្រានទៅមួយ សឹងតែថាមិនចាំបាច់ទិញម្ហូបអស់លុយច្រើនក៏បាន ។
ជាក់ស្ដែង លោក ដានិត និង មិត្តភក្ដិបាននាំគ្នាធ្វើដំណើរកម្សាន្តទៅកោះស្ដេច បានប្រាប់បទពិសោធស្ដែងៗថា នៅទីនោះគឺជាកន្លែងកម្សាន្តយ៉ាងសប្បាយរីករាយ មិនចំណាយលុយច្រើនឡើយ បើទៅជាក្រុមម្នាក់អស់តែ ៧០ ឬ ៨០ ដុល្លារគឺគ្រប់គ្រាន់ហើយ ។
ចំពោះតម្លៃស្នាក់នៅមានជាប្រភេទបឹងកាឡូ និង ជាប្រភេទផ្ទះសំណាក់ ព្រមទាំងជាប្រភេទបន្ទប់សាងសង់នៅប្របនឹងឆ្នេរសមុទ្រក៏មានដែរ ។ ចំពោះតម្លៃស្នាក់នៅមានចាប់ពី ១៥ ដុល្លារ រហូតដល់ ៣០ ដុល្លារ ឬ អាចលើសនេះអាស្រ័យទៅលេងចំថ្ងៃធម្មតា ឬ ថ្ងៃបុណ្យទាន ។
អ្វីដែលពិសេសនៅទីនោះ ភ្ញៀវទេសចរនឹងបានឃើញពីជីវភាពរស់នៅរបស់អ្នកកោះស្ដេច អាចគេងស្ដាប់សំឡេងទឹករលក ជិះទូកទស្សនានៅតាមប្រជុំកោះនៅក្បែរៗគ្នា អាចងូតទឹកមើលផ្កាថ្ម ។ ជាពិសេសគឺការស្ទូចត្រី មិនត្រឹមតែជាការកម្សាន្តមួយបែប ប៉ុន្តែយើងអាចមកចម្អិនជាម្ហូបមានឱជារសយ៉ាងផ្អែមឆ្ងាញ់តែម្ដង ។
រមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលនេះ ស្ថិតនៅក្នុងភូមិ កោះស្តេច ឃុំកោះស្ដេច ស្រុកគីរីសាគរ ដែលលាតសន្ធឹងតាមបណ្ដោយសមុទ្រមានចម្ងាយប្រមាណជាង ៨១ គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង និង មានចំងាយប្រមាណជា ២៥០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដោយត្រូវធ្វើដំណើរជាពីរដំណាក់កាល គឺផ្លូវគោក និង ផ្លូវទឹក ដោយជិះអូប័រ ៕
រូបភាព៖ Kohsdach Home Stay