តោះ ! ចុងសប្តាហ៍នេះ ទៅទស្សនាសត្វស្លាបនៅតំបន់អភិរក្សទួលព័ន្ធតាឡី
វាពិតជាមានភាពស្រស់ស្រាយ និង ប្លែកអារម្មណ៍យ៉ាងខ្លាំង នៅពេលបានទៅទស្សនាសត្វស្លាបទាំងហ្វូងៗបាននាំគ្នាមករកចំណីនៅក្នុងតំបន់អភិរក្សទួលព័ន្ធតាឡី ដែលមានទីតាំងស្ថិតនៅក្នុងឃុំ ធាយ ស្រុក បាភ្នំ ខេត្តព្រៃវែង ។ ពីមួយថ្ងៃទៅមួយថ្ងៃ ចំនួនសត្វស្លាប នៅក្នុងតំបន់អភិរក្សទួលព័ន្ធតាឡីនេះ ត្រូវបានគេមើលឃើញថា មានការកើនឡើងជាលំដាប់ ។
នៅលើគណនីហ្វេសប៊ុកឈ្មោះ ព្រះខេមរ ញាណ ភី យ៉ា បានបង្ហោះរូបភាពសត្វស្លាប នៅក្នុងតំបន់អភិរក្សទួលព័ន្ធតាឡី និង សរសេរសារថា ពិតជាអស្ចារ្យណាស់ពីមួយថ្ងៃទៅមួយថ្ងៃ សត្វស្លាបនៅតំបន់អភិរក្សទួលព័ន្ធតាឡីកាន់តែសម្បូរច្រើនឡើងៗ ដោយសាតែកន្លែងនេះ បានផ្តល់សេចក្តីសុខឱ្យវា។ សូមបងប្អូនកុំភ្លេចទៅទស្សនាទាំងគ្នា អរគុណសម្រាប់ការជួយផ្សព្វផ្សាយ ។
តំបន់អភិរក្សទួលព័ន្ធតាឡីនេះ គឺជាតំបន់ទេសចរណ៍មួយ ដ៏មានប្រជាប្រិយភាព ដែលទាក់ទាញភ្ញៀវទេសចរជាច្រើនឱ្យទៅទស្សនា ។ ជារៀងរាល់ថ្ងៃមានភ្ញៀវទេសចរយ៉ាងច្រើនបានទៅទស្សនា ជាពិសេសនៅថ្ងៃឈប់សម្រាកចុងសប្តាហ៍ និង ថ្ងៃបុណ្យជាតិ ៕