ទៅលេងប្រាសាទភ្នំដាឥឡូវ បានទាំងកម្សាន្តចម្ការផ្កាឈូករ័ត្ន បានទាំងភ្លក់បង្កងធម្មជាតិ ពិសេសបំផុត
ក្រៅពីទស្សនា ប្រាសាទភ្នំដា ប្រាសាទមហាឥស្សី នៅក្នុងទឹកដី ស្រុកអង្គរបុរី ខេត្តតាកែវ រួចហើយនោះ ភ្ញៀវទេសចរ អាចទៅទស្សនា សួនផ្កាឈូករ័ត ដ៏ស្រស់ស្អាត នៅជើងភ្នំដា ភាគខាងកើតទៀត ដែលកំពង់ ចោលសម្រស់យ៉ាងស្រស់បំព្រង ដើម្បីទាក់ទាញភ្ញៀវទេសចរ ឱ្យចូលទៅលំហែកាយ និង ភ្លក់រសជាតិអាហារ ពិសេសបង្កងធម្មជាតិដ៏ល្បីនៅទីនោះ ព្រមទាំងគយគន់មើល ទេសភាពវាស្រែយ៉ាងដាច់កន្ទុយភ្នែកទៀតផង ។
ដើម្បីចូលរួមបង្កើតបរិយាកាសនៃដំណើរកម្សាន្តរបស់ភ្ញៀវទេសចរទៅកាន់ដែនដីបុរាណមួយនេះ ឱ្យកាន់តែមានភាពសប្បាយរីករាយនោះ នៅតំបន់ ប្រាសាទភ្នំដា គេបានសាងសង់ជាសួនច្បារមួយ ស្ថិតនៅភាគខាងត្បូងនៃជើងភ្នំ រំលេចទៅដោយផ្កាឈូករ័តរីកយ៉ាងស្រស់ស្អាត គួរជាទីទាក់ទាញ មិនតែប៉ុណ្ណោះ ពេលទៅទស្សនានៅសួនច្បារនោះ ភ្ញៀវទេសចរនឹងបានឃើញ វាលស្រែដាច់កន្ទុយភ្នែករហូតដល់ព្រំដែនប្រទេសវៀតណាមឯណោះ ។ នៅរដូវវស្សាវិញ វាស្រែប្រាំនៅទីនោះបានក្លាយទៅជាសមុទ្រទឹកសាប យ៉ាងល្ហល្ហេវដាច់កន្ទុយភ្នែក ដែលកម្ររកទីណាមកប្រដូចបានណាស់ ។
ការបង្កើតសួនច្បារនេះឡើង គឺជាការបង្កើតបាននូវទេសភាពថ្មីមួយទៀត ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ នៅតំបន់នោះ ឱ្យកាន់តែមានភាពប្រសើរឡើង ហើយសហគមន៍ ក៏បង្កើតឱ្យមានផ្ទះស្នាក់ ឬ ក៏បោះតង់ សម្រាកនាពេលរាត្រី សម្រាប់សម្រាក់មើលទេសភាព នៅពេលរាត្រី នៅតំបន់ព្រំដែនកម្ពុជា-វៀតណាមនោះទៀតផង ៕