ឡាន Rolls Royce រុស្ស៊ី ចេញតម្លៃលក់ផ្លូវការ ថោកជាង Rolls Royce អង់គ្លេសពាក់កណ្តាល
Aurus ដែលជាក្រុមហ៊ុនផលិតរថយន្តទំនើប និង ប្រណីតរបស់ប្រទេសរុស្ស៊ី បានបើក Showroom ដំបូងបង្អស់របស់ខ្លួននៅក្នុងទីក្រុង Moscow ដើម្បីដាក់លក់រថយន្តដ៏ប្រណីតរបស់ខ្លួនម៉ូដែល Senat ដែលជាគូប្រជែងរបស់រថយន្ត Rolls Royce ។
រថយន្តប្រភេទ Limousines ផលិតនៅក្នុងប្រទេសរុស្ស៊ីនេះ ប្រើម៉ាស៊ីនសាំងទំហំ ៨ ស៊ីឡាំង ជាមួយនឹងថាមពល Hybrid ដែលបង្កើតកម្លាំងបាន ៥៩០ សេះ ហើយប្រើប្រព័ន្ធបើកបរប៉ុងពីរ AWD និង មានតម្លៃចាប់ពី ២៧៤ ០០០ ដុល្លារ ។ វាក៏មានជាប្រភេទការពារគ្រាប់ដែរ ដោយប្រើម៉ាស៊ីនដូចគ្នា ប៉ុន្តែមានតម្លៃថ្លៃជោង ។ ដោយឡែក រថយន្ត Rolls Royce ដែលជាគូប្រជែងរបស់វាមានតម្លៃចាប់ពី ៤៥០ ០០០ ដុល្លារលើទីផ្សារបរទេស ។
គួរឱ្យដឹងថា រថយន្ត Aurus Senat ប្រភេទតួវែង និង ការពារគ្រាប់ កំពុងប្រើប្រាស់ដោយប្រធានាធិបតីរុស្ស៊ី Vladimir Putin ។ បើយោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា Aurus គ្រោងពង្រីកទីផ្សាររបស់ខ្លួនតាមបណ្តាប្រទេសមួយចំនួន ដូចជា ចិន អឺរ៉ុប អាហ្វ្រិកខាងជើង និង បស្ចិមប្រទេស ទៀតផង ។
ជាមួយគ្នានេះ Aurus ក៏មានគម្រោងផលិតម៉ូដែលផ្សេងទៀត ដូចជា រថយន្តបើកដំបូងទ្វារ ៤ , រថយន្តវ៉ែន , រថយន្ត SUV ព្រមទាំងរថយន្ត Plug-in Hybrid និង រថយន្តអគ្គិសនី ផងដែរ ៕
ប្រភព ៖ Carscoops