១០ ចំណុចងាយៗ ថែទាំ និង ត្រួតពិនិត្យរថយន្តក្នុងរដូវវស្សា (វីដេអូ)
តើអ្នកគួរធ្វើអ្វីខ្លះក្នុងការថែទាំរថយន្ត ដើម្បីជៀសវាងបញ្ហាដែលអាចកើតមាននៅពេលបើកបរនៅរដូវភ្លៀង ? វាជារឿងសំខាន់ណាស់ដែលអ្នកគួរមានវិធានការការពារទុកជាមុន ដើម្បីរក្សាសុវត្ថិភាពពេលកំពុងបើកបរ ។ ជាធម្មតាពេលបើកបរក្នុងរដូវវស្សា អ្នកតែងជួបប្រទះផលវិបាកផ្សេងៗដូចជា ពិបាកក្នុងការមើលផ្លូវ ផ្លូវមានទឹកលិច ផ្លូវរអិលពិបាកចាប់ហ្វ្រាំង ការខូចខាតផ្នែកខាងក្រោមរថយន្តដោយសារតែមានទឹក និង ភក់ខ្ទាតទៅជាប់នៅកន្លែងទាំងនោះដែលបង្កឲ្យមានការច្រែះខូចជាដើម។ ដូចនេះហើយ អ្នកគួរយល់ដឹងអំពីគន្លឹះសំខាន់ៗមួយចំនួនដែលអ្នកគួរធ្វើ ដើម្បីជៀសវាងហានិភ័យដែលអាចកើតមានក្នុងពេលបើកបរក្នុងរដូវវស្សា ៖
1. ពិនិត្យប្រព័ន្ធភ្លើងបំភ្លឺផ្លូវរបស់រថយន្ត
ការមើលឃើញច្បាស់នៅពេលបើកបរជាផ្នែកមួយចាំបាច់បំផុតសម្រាប់ការបើកបររថយន្តនៅពេលយប់ ឬ ពេលភ្លៀងខ្លាំង ដូចនេះហើយអ្នកត្រូវប្រាកដថាចង្កៀងផ្នែកខាងមុខ និង ផ្នែកខាងក្រោយរថយន្តដំណើរការល្អជានិច្ច ។ ប្រសិនបើចង្កៀងរថយន្តអ្នកមានសភាពស្រអាប់ ភ្លើងមើលទៅមិនសូវភ្លឺ អ្នកគួរយករថយន្តទៅសម្អាតចង្កៀងចេញ ឬ ប្តូរអំពូលថ្មីតែម្តង ។
2. ពិនិត្យផ្នែកដំបូលកញ្ចក់ទ្វាររថយន្ត
ប្រសិនបើរថយន្តអ្នកមានដំបូលកញ្ចក់បិទបើក ជាបឋមអ្នកត្រូវយកចិត្តទុកដាក់ក្នុងការឆែកមើលនូវដំណើរការបិទបើកកញ្ចក់ដំបូលលើថាតើវាដំណើរការធម្មតាឬទេ។ លើសពីនេះទៅទៀតដើម្បីជៀសវាងភាពមិនប្រក្រតីណាមួយ ដូចជាការបិទមិនជិតដោយសារធូលីដី ឬ មានទឹកដក់មិនហូរល្អ ដែលជាហេតុនាំឲ្យមានការលេចជ្រាបទឹកភ្លៀងស្រក់ចូលរថយន្ត ។
3. ពិនិត្យផ្លិតទឹក
ជាមួយគ្នានេះដែរអ្នកត្រូវពិនិត្យមើលប្រតិបត្តិការផ្លិតទឹកមុខក្រោយ ជៀសវាងមានការរហែកជ័របក់ទឹក ឬ ផ្លិតទឹកមិនដំណើរការប្រក្រតីទៅតាមចលនាលឿនយឺតជាដើម ។
4. ត្រួតពិនិត្យប្រព័ន្ធជើងក្រោមរថយន្ត
ពេលអ្នកបើកបរកាត់ទឹក ឬ ចតក្នុងទឹកជម្រៅណាមួយ ទឹកអាចជ្រាបចូលក្នុងគ្រឿងបង្គំមួយចំនួននៃផ្នែកខាងក្រោមរបស់រថយន្តបាន ដូចនេះអ្នកត្រូវពិនិត្យមើលប្រព័ន្ធជើងក្រោមរថយន្តជៀសវាងបញ្ហាទឹកជ្រាបដល់ទីតាំងសុវត្ថិភាពណាមួយបាន ។ អ្នកត្រូវពិនិត្យទៅលើប៉ាឡុង តើវាមានរបូត ឬ រលុងកន្លែងណាមួយឬអត់ និង ត្រូវពិនិត្យមើលការលេចជ្រាបមានដូចជា បូម កាទែម៉ាស៊ីន និង ប្រអប់លេខជាដើម ។ ប្រការសំខាន់មួយទៀតត្រូវពិនិត្យមើលកៅស៊ូការពារដី មានដូចជាកៅស៊ូ ឬ ទីលចង្កូត កៅស៊ូអាប៊ូហ្សេ កៅស៊ូទាំងអស់នេះគឺសម្រាប់ការពារដី និង ទឹកមិនឲ្យចូលនៅពេលអ្នកបើកបរកាត់ទឹក កាត់ភក់ ដែលអាចធ្វើឲ្យគ្រឿងបង្គំផ្នែកខាងក្រោមច្រែះ ធ្វើឲ្យការបើកបរមានបញ្ហា ។ ចំណុចចាំបាច់មួយទៀត អ្នកត្រូវពិនិត្យមើលកាឡេខ្វែង ប្រសិនបើកាឡេខ្វែងរថយន្តអ្នករលុងនឹងធ្វើឲ្យប៉ះពាល់ដល់ការដាក់លេខ ធ្វើឲ្យរថយន្តកន្ត្រាក់នៅពេលបើកបរ ម្យ៉ាងទៀតត្រូវត្រួតពិនិត្យប្រេងប៉ុងថាមានការលេចជ្រាបដែរ ឬទេ ជៀសវាងបញ្ហាផ្សេងៗដែលអាចកើតមានពេលបើកបរផ្លូវឆ្ងាយ ។
5. ត្រួតពិនិត្យប្រព័ន្ធហ្វ្រាំងរថយន្ត
ហ្វ្រាំង គឺជាប្រព័ន្ធមួយដ៏សំខាន់ដូចប្រព័ន្ធផ្សេងៗទៀតដែលមាននូវក្នុងតារាងត្រួតពិនិត្យរថយន្តផងដែរ ។ អ្នកគួរយករថយន្តទៅត្រួតពិនិត្យដោយជាងជំនាញនូវយានដ្ឋានដើម្បីធានាថាស្បែកហ្វ្រាំងនៅមានកម្រាស់ក្រាស់ និង មិនខូចគុណភាព ។ មិនតែប៉ុណ្ណោះអ្នកត្រូវពិនិត្យប្រេងហ្វ្រាំងផងដែរ ។
6. ត្រួតពិនិត្យផ្នែកខ្សែពានរថយន្ត
ដោយសារខ្សែពានទាំងនេះធ្វើមកពីកៅស៊ូ ហេតុនេះហើយប្រសិនបើវាដាច់ ឬ រហែក ម៉ាស៊ីនទាំងអស់ក្នុងរថយន្តនឹងលែងដំណើរការ ។ កត្តាមួយទៀត គឺពេលដែលខ្សែពានទាំងនេះត្រូវទឹក វាបង្កើតឲ្យមានភាពរអិល និង មានភាពលំបាកក្នុងការអូសម៉ាស៊ីន ។ ដូច្នេះហើយ អ្នកគួរឧស្សាហ៍ឆែកមើលខ្សែពានម៉ាស៊ីនកុំឲ្យមានការលេចធ្លាយទឹកពីគម្របរថយន្តចូលទៅខាងក្នុង និង គួរប្ដូរវាចោលពេលដែលវាមានភាពចាស់ខ្លាំង ។
7. ត្រួតពិនិត្យសំបករថយន្ត
ការត្រួតពិនិត្យសំបកកង់មិនសំដៅតែលើសម្ពាធកង់មួយមុខនោះទេ យើងត្រូវពិនិត្យមើលកាលបរិច្ឆេទនៅលើសំបកកង់ ប្រសិនបើសំបកកង់រថយន្តផុតថ្ងៃហួសកំណត់អ្នកត្រូវប្តូរចេញភ្លាម ទោះបីជាក្រឡាកង់នៅមានកម្រាស់ក្រាស់ក៏ដោយ ។ មួយវិញទៀត អ្នកត្រូវពិនិត្យមើលកម្រិតនៃកម្រាស់សំបកកង់ដែលបានកំណត់ដោយរោងចក្រផ្ទាល់ ថាដល់ពេលដែលគួរប្តូរសំបកកង់ ឬ នៅ ។
8. ត្រួតពិនិត្យមើលអាគុយរបស់រថយន្ត
អ្នកគួរពិនិត្យនៅលើក្បាលអាគុយ ប្រសិនបើក្បាលអាគុយមានស្នឹម អ្នកគួរយកទឹកក្ដៅមកលាងសម្អាតត្រង់កន្លែងដែលមានស្នឹម ដែលអាចបង្កឲ្យមានបញ្ហាពេលបញ្ឆេះរថយន្ត ។ ម្យ៉ាងទៀត គួរពិនិត្យកម្រិតអាស៊ីតក្នុងអាគុយ បើកម្រិតអាស៊ីតឡើងខ្ពស់នោះបញ្ជាក់ថាដល់ពេលប្ដូរអាគុយថ្មីហើយ ។
9. លាងសម្អាត និង ប៉ូលារថយន្តឲ្យបានត្រឹមត្រូវ
នៅក្រោមលក្ខខណ្ឌអាកាសធាតុសើមវាជាការលំបាកខ្លាំងណាស់ក្នុងការលាងសម្អាតស្នាមទឹកជាប់លើថ្នាំរថយន្ត ។ ទោះជាយ៉ាងណាក៏ដោយការលាង និង ប៉ូលារថយន្តបានត្រឹមត្រូវ អាចជួយសម្អាតស្នាមទាំងនោះបាន ។ ការសម្អាតកញ្ចក់រថយន្តបានស្អាតល្អ ក៏អាចជួយលោកអ្នកមើលបានច្បាស់ពេលបើកបរផងដែរ ។ ម្យ៉ាងទៀត លោកអ្នកគួរប្រើទឹកជូតកញ្ចក់ដើម្បីសម្អាតកញ្ចក់ជុំវិញរថយន្តបានស្អាតល្អ ។
10. ត្រូវប្រុងប្រយ័ត្ន កុំបើកបរលឿនពេកនៅពេលភ្លៀង
បន្ទាប់ពីអ្នកបានធ្វើតាមគន្លឹះមួយចំនួនដែលបានរៀបរាប់ខាងលើអ្នកក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពេលបើកបរនៅរដូវភ្លៀង ។ អ្នកមិនត្រូវចាប់ហ្វ្រាំងបន្ទាន់ភ្លាមៗនោះទេ ហើយត្រូវរក្សាគម្លាតសុវត្ថិភាពជានិច្ច ។ ការធ្វើបែបនេះនឹងជួយរក្សាលំនឹងកង់ជៀសវាងការរអិល ។ អ្នកគួរបើកបរនៅជួរកណ្ដាលនៃផ្លូវព្រោះពេលមានភ្លៀងធ្លាក់ផ្នែកសងខាងផ្លូវតែងមានទឹកលិច ។
ដូចនេះហើយ ដើម្បីជៀសវាងបញ្ហាទាំងអស់នេះអ្នកអាចយករថយន្តទៅយានដ្ឋានជួសជុល និង ថែទាំរថយន្ត ឬ អ្នកមកកាន់មជ្ឈមណ្ឌលថែទាំ និង ជួសជុលរថយន្ត Ford ផ្ទាល់ដើម្បីឲ្យជាងដែលមានជំនាញច្បាស់លាស់ធើ្វការត្រួតពិនិត្យឬជួសជុលរថយន្តអ្នកមុនរដូវវស្សាខិតជិតមកដល់ ។ សូមទស្សនាវីដេអូខាងក្រោម ៖