ចង់ស្រស់ស្រាយក្នុងអារម្មណ៍ ទៅលេងទឹកជ្រោះផ្អោកនៅខេត្តតាកែវ ដើមរដូវវស្សានេះស្អាតកប់ !
នៅដើមរដូវស្សា នេះទឹកជ្រោះផ្អោក ពិតជាមានសម្រស់ស្រស់ត្រកាលគួរជាទីទាក់ទាញក្រៃលែង ហាក់បីដូចជាកំពង់រងចាំស្វាគមន៍ភ្ញៀវទេសចរ ដែលបានធ្វើដំណើរកម្សាន្ត ទៅកាន់តំបន់ព្រំដែនដែនកម្ពុជាវៀតណាម ដ៏ស្រស់ស្អាតនេះ ។
រមណីយដ្ឋាន ទឹកជ្រោះផ្អោក មានទីតាំងស្ថិតនៅ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ខេត្តតាកែវ បើធ្វើដំណើរពីទីរូម ខេត្តតាកែវ តាមបណ្តោយផ្លូវជាតិលេខ ២ នោះនឹងឃើញ ស្រុកគិរីវង្ស រួចធ្វើដំណើរបន្តតាមផ្លូវផ្សារដើមទំព័រប្រមាណជា ៣ គីឡូម៉ែត្រ នោះលោកអ្នកនឹងប្រទះឃើញរមណីយដ្ឋានទឹកជ្រោះផ្អោកជាមិនខាន ។
ទឹកជ្រោះផ្អោក ជារមណីយដ្ឋានបែបធម្មជាតិដែលទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តគួរសម ។ សម្រស់ទេសភាពទាំងសងខាងនៃទឹកជ្រោះផ្អោកសម្បូរទៅដោយដើមឈើ និង រុក្ខជាតិបៃតងគូរឱ្យគយគន់ទស្សនា ។ សម្រាប់ទឹកជ្រោះផ្អោកមានប្រវែងប្រមាណជាង ១០០០ ម៉ែត្រ និងទទឹងប្រមាណ ២ ម៉ែត្រ ដែលទឹកជ្រោះហូរពីលើភ្នំហើយកាត់ថ្មតូចធំជាច្រើនចុះមកក្រោម ។
អ្វីដែលធ្វើឱ្យរមណីយដ្ឋានកាន់តែចាប់អារម្មណ៍សម្រាប់ភ្ញៀវជាតិ និង អន្តរជាតិ គឺដោយសារតំបន់មួយនេះសម្បូរទៅដោយត្បូងជាច្រើនប្រភេទ ។ កាលពីជាង ១០ ឆ្នាំមុន ប្រជាជននៅក្នុងតំបន់មួយនេះភាគច្រើនប្រកបរបរជីកត្បូង តែក្រោយមកត្បូងក៏ខ្សត់ទៅទើបប្រជាជននៅទីនោះងាកទៅរកមុខរបរផ្សេងទៀត ប៉ុន្តែសព្វថ្ងៃក៏នៅតែមានប្រជាជនមួយចំនួនតូចនៅតែបន្តជីកត្បូងនៅឯលើភ្នំដដែល ៕
ដោយ៖សុថាត់