ឃើញភ្លាមជាប់ចិត្ត ទេសភាពទឹកធ្លាក់ក្បាលព្រះ នារដូវវស្សាស្អាតខ្លាំង !
សម្រស់ទេសភាពធម្មជាតិទឹកធ្លាក់ក្បាលព្រះ ពិតជាមានភាពទាក់ទាញខ្លាំង សម្រាប់ភ្ញៀវទេសចរទាំងឡាយដែលចូលចិត្តទេសភាពធម្មជាតិបែបនេះ ។ នៅរមណីយដ្ឋានទឹកធ្លាក់ក្បាលព្រះនេះមានភ្ញៀវទេសចរជាច្រើនបាននាំគ្នាទៅងូតទឹកកម្សាន្តលេងជាហូរហែ ជាពិសេសនៅថ្ងៃឈប់សម្រាកចុងសប្តាហ៍ និង ថ្ងៃឈប់សម្រាកបុណ្យជាតិ ។ ទឹកធ្លាក់ក្បាលព្រះនេះ មានទីតាំងស្ថិតនៅក្នុងភូមិពូត្រំ សង្កាត់រម្យនា ក្រុងសែនមនោរម្យ មានចម្ងាយ១៣ គីឡូម៉ែត្រពីរូបសំណាកគោព្រៃ ដែលភ្ញៀវទេសចរទទួលបានបទពិសោធដើរព្រៃ និង អាចងូតទឹកធ្លាក់ដ៏ស្រស់ស្អាតក្រោមម្លប់ព្រៃឈើយ៉ាងត្រជាក់ល្ហឹម ។
នៅរដូវវស្សា ទឹកធ្លាក់ក្បាលព្រះ មានទំហំមុខកាត់ជិត ៤០ ម៉ែត្រ កម្ពស់ ៨ ម៉ែត្រ នៅរដូវប្រាំងវាបង្រួមមុខកាត់មកនៅត្រឹមតែ ២០ ម៉ែត្រ និង កម្ពស់ ៨ម៉ែត្រ ។ ទឹកធ្លាក់ក្បាលព្រះនេះ បានធ្វើឱ្យភ្ញៀវទេសចរមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ព័ទ្ធជុំវិញ ដោយព្រៃឈើតូចធំ និង ជួរភ្នំបង្កើតបានជាផ្ទាំងទស្សនីយភាពស្រស់ឆើតឆាយ និង មានម្លប់ឈើធំៗ ដែលផ្តល់ជាកន្លែងសម្រាប់ភ្ញៀវទេសចរសម្រាកកម្សាន្ត ទទួលទានអាហារ ពិចនិក និង ងូតទឹកធ្លាក់ថ្លាត្រជាក់យ៉ាងសប្បាយរីករាយ ។
ភ្ញៀវទេសចរនឹងមានអារម្មណ៍ប្លែកនៅពេលបានទៅដល់ទីនោះ ហើយអ្វីដែលរឹតតែរំភើប និង អស្ចារ្យទៅទៀតនោះគឺ ការថតផ្តិតយករូបភាពព្រៃឈើពណ៌បៃតង គ្របដណ្តប់ព័ទ្ធនៅជុំវិញតាមដងអូរមាត់ជ្រោះ និង អាចស្វែងយល់បានកាន់តែច្រើនពីការរស់នៅរបស់បងប្អូនជនជាតិនៅលើដែនដី កម្រាលពណ៌បៃតង នៃ ខេត្តមណ្ឌលគិរី ថែមទៀតផង។
តែយ៉ាងណាក៏ដោយ សម្រស់ធម្មជាតិដ៏ស្រស់ស្អាត និង ទឹកត្រជាក់ល្ហឹមក្រោមម្លប់ព្រៃឈើយ៉ាងត្រឈឹងត្រឈៃ ដែលអាចឱ្យអ្នកទេសចរ ចុះងូតទឹកលេងក្រោមសន្ធឹកទឹកធ្លាក់ និង ហែលលេងក្នុងអាងទឹកធម្មជាតិ ដោយក្តីរីករាយបំផុត ៕
ដោយ៖សុថាត់