ថៃបន្តបិទឆ្នេរសមុទ្រ Maya Bay ២ ឆ្នាំទៀត ដើម្បីស្តារបរិស្ថាន និង អេកូឡូហ្ស៊ីឡើងវិញ !
ឆកសមុទ្រថៃ Maya Bay ដែលមានភាពល្បីល្បាញ និង បានបង្ហាញសម្រស់ក្នុងខ្សែភាពយន្តរឿង The Beach នឹងត្រូវបន្តបិទទ្វាររហូតដល់ឆ្នាំ ២០២១ ។ ឆកសមុទ្រនេះមានទីតាំងនៅកោះ Phi PhiLeh ត្រូវបានបិទជាបណ្តោះអាសន្នកាលពីឆ្នាំមុនមកម្ល៉េះ បន្ទាប់ពីមានការកើនឡើងយ៉ាងខ្លាំងនូវចំនួនភ្ញៀវទេសចរ ដែលធ្វើឱ្យប៉ះពាល់ និង បំផ្លាញបរិស្ថានយ៉ាងធ្ងន់ធ្ងរ ។
មុនពេលបិទទ្វារឆកសមុទ្រនេះមានអ្នកទេសចរប្រមាណជា ៥០០០ នាក់ទៅលេងជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និង ប្រជុំផ្កាថ្មជាច្រើន ។ ដោយនៅពេលនេះ អាជ្ញាធរបានពន្យារពេលរហូតដល់ទៅ ២ ឆ្នាំទៀត ដើម្បីឱ្យប្រព័ន្ធអេកូឡូហ្ស៊ីប្រសើរតាមបែបធម្មជាតិឡើងវិញ ។
ឆ្នេរនៅតាមឆកសមុទ្រនេះមានលក្ខណៈពិសេស និង ទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីបង្ហាញខ្លួនក្នុងខ្សែភាពយន្ត The Beach កាលពីឆ្នាំ ២០០០ សម្តែងដោយតារាហូលីវូត លោក Leonardo DiCaprio ៕
ដោយ៖ សុផល
ប្រភព៖ BBC