ទម្លាយប្រវត្តិកូនប្រុសទាំង ៣ ក្នុងត្រកូល Khuhapremkit សាច់ថ្លៃតារាស្រី Mew ម្នាក់ៗមានសាវតាមិនធម្មតា
មហាជនមួយចំនួនមុខជាធ្លាប់បានស្គាល់រួចមកហើយនៃត្រកូលអភិជន «Khuhapremkit» ដែលជាគ្រួសារសេដ្ឋីមានជំនួញវាល់លានក្នុងដៃ ជាពិសេសនោះគឺកូនប្រុសទី ២ ហាយសូរ Saint ដែលត្រូវជាស្វាមីតារាស្រីលំដាប់ជួរមុខប្រចាំប្រទេសថៃ Mew Nittha។
ក្រោយរៀបការសាងគ្រួសារជាមួយត្រកូលសេដ្ឋីរួចមក តារាស្រី Mew ហាក់មានជីវិតកាន់តែហ៊ឺហារ ព្រោះតែគេបានរកឃើញថាគ្រួសារដន្លងរបស់នាង គឺមានប្រវត្តិជាអ្នកជំនួញដែលបានដាក់ទុនរកស៊ីក្នុងប្រទេសថៃជាយូរឆ្នាំ ហើយជាពិសេសកូនប្រុសទាំង ៣ របស់ត្រកូលនេះគឺម្នាក់ៗសុទ្ធតែមាន Background ល្អៗ។
១. Him Isara Khuhapremkit
កូនប្រុសច្បងរបស់ត្រកូល Khuhapremkit លោក Him Isara គឺជាមនុស្សដែលស្រលាញ់ភាពផ្ទាល់ខ្លួនជាខ្លាំង ដែលជាហេតុធ្វើឱ្យពុំសូវមានលេចឮព័ត៌មានលោកនៅលើបណ្តាញសារព័ត៌មាននោះឡើយ។ ដោយមនុស្សមួយចំនួនធ្លាប់បានដឹងថា លោកធ្លាប់សាងស្នេហាជាមួយ តារាសម្តែងស្រី Bee Namthip អស់រយៈពេលជាង ៨ ឆ្នាំ តែក៏បញ្ចប់ដោយស្ងាត់ៗ។
ហាយសូរ Him ក៏ជានិស្សិតបញ្ចប់ការសិក្សាមួយរូបមកពីបរទេស ដែលបច្ចុប្បន្ន លោកកំពុងជួយមើលការខុសត្រូវមុខជំនួញមួយចំនួនរបស់គ្រួសារ។ បន្ថែមពីនេះលោកក៏ជាម្ចាស់ក្រុមហ៊ុននាំចូលរថយន្ត Royal Motors Company Limited Thailand ផងដែរ។
២. Saint Tharaphut Khuhapremkit
ហាយសូរ Saint គឺជាកូនប្រុសទី ២ នៃត្រកូល Khuhapremkit ដែលមហាជនភាគច្រើនបានស្គាល់ច្បាស់ថាជាស្វាមីរបស់តារាស្រី Mew Nittha ដោយបានដឹកដៃគ្នាចូលរោងការនៅឆ្នាំ ២០២០ បច្ចុប្បន្នមានកូនស្រីម្នាក់។ លោក Saint គឺជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនៅទីក្រុង Boston សហរដ្ឋអាមេរិក។
ហើយក្រោយមកលោកបានបន្តបញ្ចប់ថ្នាក់អនុបណ្ឌិតចំនួន ២ បន្ថែមទៀតគឺ ថ្នាក់វិទ្យាសាស្ត្រគ្រប់គ្រងការវិនិយោគ នៅឯសាលា Cass Business School ទីក្រុង London និងផ្នែកយុទ្ធសាស្ត្រ និងការគ្រប់គ្រងហិរញ្ញវត្ថុនៅឯសាលា Sasin Business School។ បន្ថែមពីលើការគ្រប់គ្រងមុខជំនួញរបស់គ្រួសារ ហាយសូរ Saint ក៏ជាម្ចាស់ក្រុមហ៊ុន Globlex Holding Management Plc. ប្រចាំប្រទេសថៃផងដែរ។
៣. Tai Vasuwat Khuhapremkit
បើនិយាយពីកូនប្រុសពៅប្រចាំត្រកូល Khuhapremkit គឺមាននារីៗមិនតិចនាក់នោះទេ ដែលលួចបេតី ព្រោះតែលោកមានមុខមាត់ និងរូបរាងស្រស់សង្ហា។ ក្រៅពីមានរូបសម្បត្តិល្អប្រពៃហើយ បុរសហាយសូរវ័យក្មេង Tai ក៏មានប្រវត្តិការសិក្សាខ្ពស់មិនចាញ់បងៗរបស់លោកដែរ ដោយលោកគឺបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ នៅសកលវិទ្យាល័យ Suffolk ទីក្រុង Boston សហរដ្ឋអាមេរិក ហើយបានបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅចក្រភពអង់គ្លេស Imperial College London។
ក្រោយបញ្ចប់ការសិក្សាលោកបានធ្វើការផ្នែក Business Development នៅក្រុមហ៊ុនមួយកន្លែង។ ដោយគេរំពឹងទុកថា Tai អាចនឹងវិលត្រលប់មកកាន់មុខជំនួញរបស់គ្រួសារ ជាពិសេសនោះអាជីវកម្មរ៉ែមាស នៅថ្ងៃខាងមុខ ខណៈពេលដែលបងប្រុសទាំង ២ របស់លោកមមាញឹកជាមួយអាជីវកម្មផ្ទាល់ខ្លួន៕