ចិនប្រកាសឱ្យពលរដ្ឋប្រយ័ត្ន និង ឱ្យនៅក្នុងផ្ទះ ព្រោះព្យុះទីហ្វុង Talim វាយប្រហារដល់ប្រទេសនៅយប់ថ្ងៃទី ១៧ នេះ
សារព័ត៌មាន Reuters នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣ នេះ បានចុះផ្សាយថា អាជ្ញាធរចិនបានលុបចោលជើងហោះហើរ ផ្អាករថភ្លើងល្បឿនលឿន និង បញ្ជាឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ ដោយសារតែឥទ្ធិពលនៃព្យុះទីហ្វុង Talim ដែលនឹងមកដល់ក្នុងប្រទេសចិន នៅយប់ថ្ងៃទី ១៧ ខែកក្កដានេះ។
អាជ្ញាធរឧតុនិយមចិន បាននិយាយថា ព្យុះទីហ្វុងនេះត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងកម្រិតកាន់តែខ្លាំងនៅពេលដែលវាបោកបក់ពេលយប់តាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងរវាងខេត្តក្វាងទុង និង ហៃណាន។ គិតត្រឹមម៉ោង ២ រសៀលកន្លងទៅនេះ មជ្ឈមណ្ឌលឧតុនិយមរបស់ប្រទេសចិន បាននិយាយថា Talim ស្ថិតនៅចម្ងាយប្រមាណ ១៩០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Zhanjiang ក្នុងខេត្ត Guangdong ជាមួយនឹងខ្យល់បោកបក់ល្បឿនអតិបរមា ៣៨ ម៉ែត្រក្នុងមួយវិនាទី។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងទៀតថា រលកនឹងមានកម្ពស់ពី ៦ ទៅ ៩ ម៉ែត្រ វាយលុកផ្នែកខាងជើងនៃសមុទ្រចិន ខាងត្បូងរហូតដល់ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ខណៈដែលអាជ្ញាធរខេត្ត Hainan បានស្នើឱ្យកប៉ាល់ក្នុងដែនទឹកក្បែរនោះទាំងអស់ត្រឡប់ទៅកំពង់ផែវិញ ព្រមផ្អាកសេវាកម្មទាំងអស់តាំងតែពីព្រឹកថ្ងៃទី ១៦ ខែកក្កដាកន្លងទៅ។
យ៉ាងណាមិញ តាមប្រភពបានឱ្យដឹងទៀតថា នៅថ្ងៃទី ១៧ ខែកក្កដានេះ អាកាសយានដ្ឋាន Zhuhai Jinwan ក្នុងខេត្ត Guangdong បានលុបចោលជើងហោះហើរក្នុង និង ក្រៅប្រទេសអស់ចំនួន ៤៣ ជើងហោះហើរ ខណៈដែលអាកាសយានដ្ឋានអន្តរជាតិ Meilan ក្នុងទីក្រុង Haikou និង អាកាសយានដ្ឋាន Qionghai Boao ក៏បានលុបចោលជើងហោះហើរទាំងអស់របស់ពួកគេដែរ។
គួរបញ្ជាក់ដែរថា មជ្ឈមណ្ឌលឧតុនិយមចិន បានបញ្ជាក់ថា ទឹកភ្លៀងនៅក្នុងទីក្រុងជាច្រើននៅភាគអាគ្នេយ៍នៃខេត្ត Fujian និង ខេត្ត Jiangsu ភាគខាងកើតបានឡើងដល់ ២០០-៣០០ មីលីម៉ែត្រក្នុងរយៈពេលត្រឹមតែ ៣ ម៉ោងប៉ុណ្ណោះ៕
ប្រភព ៖ Reuters