ក្នុងខែតុលា ឆ្នាំ ២០២២ ប្រទេស ៥ នៅអាស៊ី ជួបហេតុការណ៍ធំៗស្មានមិនដល់ ឆក់យកជី..វិ-តមនុស្សគួរឱ្យអាណិត
កំលុងខែតុលា ក្នុងឆ្នាំ ២០២២ នេះ មានករណីឧបទ្ទវហេតុ និង ករណីឃាតកម្មដ៏ធំ បានកើតឡើងនៅក្នុងប្រទេសចំនួន ៥ នៅអាស៊ី ដែលបានឆក់យកជីវិតមនុស្ស ឃ្លាតចាកគ្រួសារ យ៉ាងអាណោចអាធ័ម ជារឿងដែលនឹកស្មានមិនដល់។
ហេតុការណ៍ដែលបានកើតឡើងមានដូចជា ៖
១. ប្រទេសឥណ្ឌូនេស៊ី
នៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២២ មានហេតុការណ៍រត់ជាន់គ្នាយ៉ាងរន្ធត់មួយបានកើតឡើង នៅពហុកីឡដ្ឋាន Kanjuruhan នាទីក្រុង Malang ខេត្ត East Java ក្រោយក្រុមប៉ូលិស បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមអ្នកគាំទ្រជុំវិញការប្រកួតបាល់ទាត់រវាងក្រុម Arema និង Persebaya Surabaya ដោយមានចំនួនករណីអ្នកស្លាប់ ១២៥ នាក់ មាន ៣៤ នាក់ បានស្លាប់ភ្លាមៗនៅក្នុងស្ដាត។
២. ប្រទេសថៃ
នៅប្រទេសថៃ កាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ មានហេតុការណ៍បាញ់បោះយ៉ាងនឹកស្មានមិនមួយបានកើតឡើងនៅសាលារៀនមួយកន្លែង នាខេត្ត Nong Bua Lam Phu ប្រទេសថៃ ដែលបានឆក់យកជីវិតក្មេងៗ ព្រមទាំងលោកគ្រូអ្នកគ្រូយ៉ាងគួរឱ្យរន្ធត់អស់រហូតដល់ ៣៩ នាក់ រាប់ទាំងទារកក្នុងផ្ទៃម្នាក់ទៀត។
៣. ប្រទេសកម្ពុជា
នៅប្រទេសកម្ពុជា នៅវេលាម៉ោង ១៩ និង ០០ នាទីយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ មានករណីលិចទូក-ដទទឹង ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល បណ្តាលឱ្យសិស្សសាលាចំនួន ១១ នាក់បានស្លាប់ និង រួចជីវិតចំនួន ០៤ នាក់។
៤. ប្រទេសកូរ៉េខាងត្បូង
នៅប្រទេសកូរ៉េខាងត្បូង កាលពីយប់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ មានហេតុកាណ៍ដ៏គួរតក់ស្លុតមួយ បានកើតឡើងតំបន់កម្សាន្ត Itaewon របស់កូរ៉េខាងត្បូង ដែលមានមនុស្សម្នាជាច្រើននាក់បានប្រជ្រៀតគ្នាណែនតាន់តាប់ រហូតបណ្តាលឱ្យមានការកកស្ទះគ្នា ធ្វើឱ្យបាត់បង់ជីវិតរហូតដល់ ១៥៤ នាក់ និង របួស ៨៣ នាក់។
៥. ប្រទេសឥណ្ឌា
នៅប្រទេសឥណ្ឌា នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោងប្រហែល ១៨ និង ៤០ នាទី មានព្រឹត្តិការណ៍ស្ពានថ្មើរជើងមួយបានបាក់នៅរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា ដែលមានមនុស្សរាប់រយនាក់បានធ្លាក់ចូលទៅក្នុងទន្លេ Macchu ក្នុងទីក្រុង Morbi យ៉ាងហោចណាស់មានមនុស្សប្រមាណ ៧៨ នាក់បានបាត់បង់ជីវិត និង មនុស្សជាង ៨០ នាក់ត្រូវបានជួយសង្គ្រោះ៕