ជិត ៣ ឆ្នាំហើយ JY-Park ទើបដាច់ចិត្តទម្លាយអារម្មណ៍ពិត ក្រោយក្រុម Got7 ចេញពីផលិតកម្ម
លោក Park Jinyoung ឬ មហាជនអ្នកគាំទ្រវិស័យចម្រៀង K-pop ស្គាល់លោកថា J.Y.Park ជា CEO របស់ផលិតកម្ម JYP ដែលក្រុមចម្រៀងកូរ៉េ Got7 ធ្លាប់បានជ្រកកោនរយៈពេលជិត ១០ ឆ្នាំកន្លងមក ចាប់តាំងពីឆ្នាំ ២០១៤ រហូតដល់ឆ្នាំ ២០២១។ ថ្មីៗនេះ លោកបានចូលរួមក្នុងកម្មវិធី Talk Show របស់ Bambam មានឈ្មោះថា «Bam House» ព្រមទាំងបានចែករំលែកបទពិសោធរបស់អ្នកទាំងពីរ ពីនេះពីនោះយ៉ាងច្រើនសន្ធឹក។
យ៉ាងណាមិញ បន្ទាប់ពីបានជជែកគ្នាអស់រយៈជាយូរ នាប៉ុន្មាននាទីចុងក្រោយនៃកម្មវិធីជិតចប់ ពិធីករក៏ដូចជាម្ចាស់នៃកម្មវិធីផ្ទាល់ពោលគឺ Bambam បានសួរសំណួរមួយចុងក្រោយទៅកាន់អតីតមេរបស់ខ្លួនពីក្រុមចម្រៀង Got7 ថា ៖ «តើ GOT7 ជាក្រុម ឬ តារាចម្រៀងប្រភេទណាសម្រាប់អ្នក?»
បន្ទាប់មក CEO របស់ផលិតកម្ម JYP បានឆ្លើយវិញថា ៖ «ខ្ញុំគិតថាពួកឯងកាលណោះ មិនទាន់បានបង្ហាញទេពកោសល្យទាំងអស់របស់ពួកឯងទៅសាធារណៈបាននៅឡើយទេ»។ លោកបានបន្តដោយនិយាយថា៖ «ក្រុម GOT7 ធ្វើបានល្អហើយ ប៉ុន្តែបើធៀបនឹងអ្វីដែលពួកឯងមានក្នុងខ្លួនប៉ុន្តែមិនទាន់បានបញ្ចេញមកនោះ ខ្ញុំនៅតែមិនទាន់ពេញចិត្តនៅឡើយ»។ ត្រង់កន្លែងនេះ គឺលោកចង់មានន័យថាក្រុមរបស់ពួកគេគឺមាន «អ្វីដែលពិសេសជាងនេះ» ដែលពួកគេអាចបង្ហាញបាន៕
ប្រភព៖ Koreaboo