វិស្វករមេកានិកម្នាក់កំពុងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន ព្រោះតែគំនិតច្នៃប្រឌិតរបស់គាត់
វិស្វករជនជាតិហ្វ៊ីលីពីនមា្នក់បានធ្វើឱ្យមហាជនកោតសរសើរយ៉ាងខ្លាំង ដោយសារតែគាត់បានមានគំនិតកែច្នៃកាកសំណល់ប្លាស្ទិកឱ្យក្លាយទៅជារបស់ប្រើប្រាស់ចាំបាច់នោះគឺកៅអី តុ រៀន សម្រាប់សិស្ស ។ បុរសខាងលើមានឈ្មោះ Winchester Lemen ជាវិស្វករមេកានិកម្នាក់ ហើយក្រោយមកគាត់ក៏បានបង្កើតរោងចក្រកែច្នៃកាកសំណល់ប្លាស្ទិកមួយមានឈ្មោះ Envirotech Waste Recycling (EWRI) ។
ដើមឡើយគាត់បានផលិតតុ ធ្វើអំពីកាកសំណល់ប្លាស្ទិក សម្រាប់តែឱ្យភ្ញៀវដែលមកលេងអង្គុយប៉ុណ្ណោះ តែដល់ពេលយូរៗទៅ ក៏មានភ្ញៀវចាប់អារម្មណ៍ ហើយក៏សំណូមពរឱ្យគាត់ផលិតតុ ទូទាំងនេះដើម្បីបំពេញតម្រូវការនានា រហូតត្រូវបានអភិបាលក្រុង សម្រេចបង្កើតមូលនិធិមួយ ដែលមានឈ្មោះថា «Green Fund» ដើម្បីជួយទទួលទិញសម្ភារៈទាំងនេះ ផ្គត់ផ្គង់ដល់សិស្សសាលារដ្ឋ ។
សូមបញ្ជាក់ថា ចំពោះគំនិតរបស់លោក Lemen បានទទួលការសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ព្រោះបើតាមការសិក្សារបស់អង្គការ Global Alliance for Incinerator Alternatives (GAIA) នាពេលកន្លងមក បានបង្ហាញថា ប្រទេសហ្វ៊ីលីពីនជាប្រជាទេសជាប់ចំណាត់ថ្នាក់លេខ៣ លើពិភពលោក ដែលបំពុលបរិស្ថាន ដោយប្លាស្ទិកខ្លាំងបំផុត ។ ជាក់ស្ដែងក្នុងមួយថ្ងៃប្រជាពលរដ្ឋហ្វ៊ីលីពីនបានប្រើថង់ប្លាស្ទិកចំនួន ១៦៣លាន ,ថង់ដៃយូរធំៗសម្រាប់ដើរផ្សារចំនួន៤៨លាន និង ថង់តូចៗចំនួន ៤៥លាន ៕
ដោយ៖ ម៉ានី
ប្រភព៖ nextshark