ចម្លាក់ក្បាលនាគកប់ជាប់គល់ឈើ ត្រូវអាជ្ញាធរគាស់យកចេញហើយ ឃើញរូបរាងពេញជាសត្វគ្រុឌជិះលើក្បាលនាគ
អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២២ នេះ បានបញ្ជាក់ឱ្យបានដឹងថា ថ្មីៗនេះមានការប្រទះឃើញដោយចៃដន្យនូវក្បាលនាគចំនួន ១ ធ្វើពីថ្មភក់ស្ថិតក្នុងរចនាបថបាយ័ន នៅពេលដើមស្រឡៅធំមួយដើមបានដួលរលំ បណ្តាលឱ្យបំណែកក្បាលនាគដែលកប់ក្នុងដីជាយូរឆ្នាំហើយ ត្រូវបានផុសឡើងតាមឬសឈើ នៅក្នុងបរិវេណវត្តទេពប្រណម្យ អតីតរាជធានីអង្គរធំ។
ចំពោះរឿងនេះ ប្រធានក្រុមចុះបញ្ជីវត្ថុសិល្បៈ នាយកដ្ឋានអភិរក្សប្រាសាទ និង បុរាណវិទ្យា លោក ឈូក សុម៉ាឡា នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បំណែកក្បាលនាគនេះ បានកប់ក្នុងដីជម្រៅប្រមាណកន្លះម៉ែត្រ ហើយជាក់ស្តែងដើមស្រឡៅដែលដុះពីលើមិនមានឬសកែវធំៗ ទើបពេលភ្លៀងជោគជាំ ដីជ្រាយ ធ្វើឱ្យដួលរលំ និង ផុសក្បាលនាគដែលឫសឈើដុះចាក់ស្រែះមកជាមួយតែម្តង។
លោក សុម៉ាឡា បន្តថា បំណែកក្បាលនាគនេះ មានត្រឹមតែ-កនាគមកក្បាលខាងលើដែលមាន បណ្តោយ១.២ម៉ែត្រ ទទឹង១ម៉ែត្រ និង កម្រាស់ ០.៣ម៉ែត្រ បំណែកសត្វគ្រុឌជិះលើក្បាលនាគ ស្ថានភាពមុខនាគខាងមុខមានការខូចខាតច្រើនដោយអន្លើ ដោយបាក់បែកមុខនាគ និង ជុំវិញសងខាង។ រីឯសត្វគ្រុឌវិញ ត្រូវបានបាក់ច្រមុះ និង ដៃផ្នែកនៅខាងលើ រួមទាំងផ្នែកខ្លះនៃក្បាល។
លោកបានសន្និដ្ឋានថា បំណែកក្បាលនាគនេះ អាចយកចេញពីប្រាសាទបាយ័ន តែមិនដឹងថា យកមកទីតាំងនេះក្នុងគោលបំណងអ្វី និង ពេលណានោះទេ ខណៈរូបចម្លាក់បែបនេះ ច្រើនឃើញនៅរចនាបថបាយ័ន ក្នុងរាជព្រះបាទជ័យវរ្ម័នទី ៧ ទ្រង់បានយកនាគ និង គ្រុឌដែលជាសត្រូវនឹងគ្នាមកបញ្ចូលក្នុងសិល្បៈតែមួយ។ អាចជាព្រះអង្គចង់បង្ហាញពីទស្សនៈបង្រួបបង្រួមសាសនារវាងព្រហ្មណ៍សាសនា និង ព្រះពុទ្ធសាសនា ទើបព្រះអង្គឱ្យស្ថាបត្យករបញ្ចូលនាគ និង គ្រុឌនៅជាមួយគ្នា ហើយដាក់បង្ហាញលើសំណង់នានារបស់ទ្រង់។
យ៉ាងណាមិញ ដើម្បីរក្សាសុវត្ថិភាពនូវបំណែកក្បាលនាគនេះ អាជ្ញាធរជាតិអប្សរា សហការជាមួយនគរបាលការពារបេតិកភណ្ឌ ព្រមទាំងភ្នាក់ងារទេសចរណ៍ ធ្វើកំណត់ហេតុប្រគល់ទទួលបំណែកចម្លាក់ខាងលើ យកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ដើម្បីចុះបញ្ជីទុកជាឯកសារ លាងសម្អាត រក្សាទុកទៅតាមបច្ចេកទេស និង ស្វែងរកទិន្នន័យផ្សេងទៀតផងទាក់ទងនឹងបំណែកក្បាលនាគនេះ ងាយស្រួលយកទៅដាក់នៅទីតាំងដើមវិញ បើមានការជួសជុលនៅទីតាំងដែលបានបាត់បង់នោះ៕