ស៊ីន យូប៊ីន តារាខ្មែរលំដាប់ ប៉ះតារាល្បីរបស់ប្រទេសថៃ Chompoo ឈរថតជាមួយគ្នា ជះសម្រស់ស្អាតខ្លាំង
កាលពីថ្ងៃទី ២៣ កន្លងទៅ មហាជនអ្នកគាំទ្រកម្ពុជាផ្ទុះការចាប់អារម្មណ៍រំភើបចិត្ត និង មោទកភាពយ៉ាងខ្លាំង ដោយតារាស្រីវ័យក្មេងប្រចាំប្រទេសកម្ពុជា កញ្ញា ស៊ិន យូប៊ីន ក៏បានបង្ហាញវត្តមានក្នុងកម្មវិធីលំដាប់អន្តរជាតិ ក្នុងកម្មវិធី «Christian Dior Haute Couture Spring Summer 2023» ដែលបានរៀបចំឡើងក្នុង Paris Fashion Week នៅឯប្រទេសបារាំង។
ក្នុងនោះ កញ្ញា ស៊ីន យូប៊ីន គឺជាតារាស្រីកម្ពុជាតែមួយរូបប៉ុណ្ណោះ ដែលមានវត្តមានក្នុងកម្មវិធី «Christian Dior Haute Couture Spring Summer 2023» នេះ រួមជាមួយនឹងតារាល្បីៗជាច្រើនសឹងតែជុំវិញពិភពលោក ដោយក្នុងនោះក៏មាន Jisoo សមាជិកក្រុម BLACK PINK ក៏មានវត្តមានក្នុងថ្ងៃតែ ១ ជាមួយនាងដែរ។
ដោយឡែក អ្វីដែលចាប់អារម្មណ៍នោះកាលពីយប់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ តារាស្រីលំដាប់ប្រទេសកម្ពុជា កញ្ញា ស៊ីន យូប៊ីន ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹកនៃសកម្មភាពក្នុងការចូលរួមកម្មវិធី «Christian Dior Haute Couture Spring Summer 2023» ធ្វើឱ្យអ្នកគាំទ្រទាំងក្នុង និង ក្រៅស្រុកចូលទៅបញ្ចេញមតិសរសើរ ព្រមទាំងបានចែករំលែកព្រោងព្រាត។
លើសពីនោះ ក្នុងចំណោមរូបភាពដែលបានបង្ហោះឡើងជាច្រើនសន្លឹក ក៏មានរូបមួយសន្លឹក កញ្ញា ស៊ីន យូប៊ីន បានថតជាមួយកំពូលតារាល្បីប្រទេសថៃ Chompoo Araya ក៏ផ្ទុះការចាប់អារម្មណ៍ខ្លាំងណាស់ដែរ។
រូបមួយសន្លឹក លំដាប់តារាស្រីកម្ពុជា ស៊ីន យូប៊ីន ក្នុងឈុតពណ៌ខ្មៅ និង លំដាប់តារាស្រីថៃ Chompoo ក្នុងឈុតពណ៌ក្រហម ត្រូវបានអ្នកគាំទ្រចែករំលែក និង មានមោទកភាពយ៉ាងខ្លាំងដល់តារាស្រីវ័យក្មេង ស៊ីន យូប៊ីន ដែលមានឱកាសក្នុងការឈរនៅលើឆាកអន្តរជាតិ និង ប៉ះនឹងរៀមច្បងលើវិស័យសិល្បៈក្រៅប្រទេសដែលមានភាពល្បីល្បាញ។ លើសពីនោះ បើមើលពីសម្រស់វិញតារាស្រីទាំង ២ ប្រទេសនេះ បានឆក់យកបេះដូងអ្នកគាំទ្រឱ្យសរសើរមិនដាច់ពីមាត់នោះឡើយ៕