ផឹកទឹកនឹកដល់ប្រភព! ៧ ឆ្នាំហើយ ឈីន រតនៈ មិនដែលភ្លេចគុណ ណុប បាយ៉ារិទ្ធ បណ្ដុះបណ្ដាល
អតីតបេក្ខភាពជើងខ្លាំងរបស់កម្មវិធី The Voice Cambodia រដូវកាលទី ២ ឈីន រតនៈ បច្ចុប្បន្នកំពុងមានឈ្មោះបោះសំឡេងល្បីសុសសាយក្នុងស្រទាប់មហាជន ដ្បិតថាកាលនេះ នាងមិនមែនជាម្ចាស់ជ័យលាភីលើកពានក៏ពិតមែន ប៉ុន្ដែបទចម្រៀងបែបមនោសញ្ចេតនាស្នេហារបស់ រតនៈ ជាច្រើនបទចុងក្រោយនេះ សុទ្ធសឹងតែផ្ទុះការគាំទ្រខ្លាំងពីស្រទាប់មហាជន ធ្វើឱ្យប្រជាប្រិយភាពរបស់នាងហក់ឡើងយ៉ាងគំហុក។
រំឭកដល់ការប្រឡងក្នុងឆ្នាំ ២០១៦ ឈីន រតនៈ បានបកស្រាយបទ «SAXOPHONE បាត់ស្នេហ៍» យ៉ាងពីរោះកក្រើកពេញស្ទូឌីយោ ហើយកាលនោះ មានកៅអីដល់ទៅ ៤ បានបង្វែរទៅរក រតនៈ ធ្វើឱ្យនាងរំភើបចិត្តជាខ្លាំង ហើយសំឡេងស្រែកហ៊ោពីទស្សនិកជនក៏កងរំពង តែចុងក្រោយ រតនៈ បានសម្រេចចិត្តជ្រើសរើសយកតារាចម្រៀង ណុប បាយ៉ារិទ្ធ គឺជាគ្រូបង្វឹក។
ឈីន រតនៈ ទទួលបានការបណ្ដុះបណ្ដាលយ៉ាងយកចិត្តទុកដាក់ពីលោក ណុប បាយ៉ារិទ្ធ ជាគ្រូបង្វឹក ហើយភាពជោគជ័យរបស់ រតនៈ នៅពេលនេះ មួយផ្នែកធំក៏ជាការជួយជ្រោមជ្រែងពីគ្រូបង្វឹករូបនេះដែរ។ ហេតុដូច្នេះហើយកន្លងមក ឈីន រតនៈ តែងគោរពដឹងគុណគ្រូបង្វឹករូបនេះ ចាត់ទុកដូចជារៀមច្បងក្នុងសិល្បៈផង ហើយក៏ដូចជាបងប្រុសដ៏ល្អម្នាក់ដែរ។
នៅថ្ងៃខួបកំណើត ក្រៅពីរំឭកដល់គុណអ្នកម្ដាយ និង អ្នកគាំទ្រហើយនោះ ឈីន រតនៈ ក៏មិនភ្លេចអរគុណដល់លោកគ្រូរូបនេះឡើយថា ៖ «អរគុណលោកគ្រូ Nop Bayaret ដែលតែងតែជឿជាក់លើសមត្ថភាពរបស់សិស្សម្នាក់នេះ អរគុណលោកគ្រូសម្រាប់ការបង្ហាត់បង្រៀន តែងតែផ្តល់ដំបូន្មានកម្លាំងចិត្តរហូតមក»៕