ការសិក្សារកឃើញថា មនុស្សប្រុសចេះយំ ជាបុរសដែលស្មោះនឹងរឿងស្នេហាបំផុត
ការយំ គឺខុសពីការហូរទឹកភ្នែក ពេលខ្លះអាចធូលីចូលភ្នែក ឬ ភ្នែកប៉ះនឹងសារធាតុអ្វីមួយក៏អាចបណ្ដាលឱ្យហូរទឹកភ្នែក តែការយំគឺនៅពេលដែលមនុស្សជួបហេតុការណ៍អ្វីមួយដែលប៉ះទង្គិចផ្លូវចិត្តខ្លាំង បានជំរុញឱ្យក្រពេញទឹកភ្នែកហូរចេញមក ។ បើនិយាយពីមនុស្សប្រុសមានភាពរឹងមាំជាងមនុស្សស្រី រឿងហេតុមួយចំនួនដែលកើតឡើងទោះបីជាប៉ះទង្គិចអារម្មណ៍ប៉ុនណាក៏គេមិនងាយនឹងសម្រក់ទឹកភ្នែកឡើយ ។
បើអីចឹងតើមនុស្សប្រុសមិនចេះយំទេមែនទេ ? ចម្លើយមិនមែនដូច្នោះឡើយនៅពេលដែលគេឈឺចាប់ដល់កម្រិត ឬ លទ្ធផលដែលផ្ទុយខុសពីការរំពឹងទុករបស់គេ ដែលគេបានដាក់ចិត្តដាក់កាយក្នុងរឿងនោះ តែបែរជាជួបរឿងខកបំណង ទោះគេជាមនុស្សរឹងមាំប៉ុនណាក៏មិនអាចទប់ទឹកភ្នែកមិនឱ្យស្រក់ចុះបានដែរ ។ ចុះមនុស្សប្រុសចេះយំព្រោះតែរឿងស្នេហាគេជាមនុស្សបែបណា ? តាមចរិតនិស្ស័យ មនុស្សប្រុសដែលចេះយំ គឺជាអ្នកដែលមានមនោសញ្ចេតនាជ្រាលជ្រៅចំពោះមនុស្សជុំវិញខ្លួន មិនថាទំនាក់ទំនងជាមួយមិត្តភក្ដិ ជាមួយគ្រួសារនោះទេ ពិសេសជាមួយមនុស្សដែលគេស្រឡាញ់ គេព្រមហ៊ានធ្វើអ្វីៗគ្រប់យ៉ាងទោះលះបង់អ្វីក៏ព្រមដើម្បីមនុស្សម្នាក់នោះ ។
និយាយក្នុងរឿងស្នេហាគេតែងខ្វល់គិតគូរសុខទុក្ខដៃគូម្ខាងទៀត ច្រើនគិតពីខ្លួនឯង ដាក់ចិត្តស្រឡាញ់លើមនុស្សម្នាក់នោះយ៉ាងជ្រាលជ្រៅ ក្ដីសុខ ឬ ក្ដីទុក្ខរបស់គេ ក៏អាស្រ័យលើមនុស្សម្នាក់នោះដែរ ។ ក្នុងមួយជីវិតរបស់គេមិនប្រាថ្នាអ្វីផ្សេងទៀតឡើយ នៅពេលដែលគេបានជួបអ្នកដែលស្រឡាញ់គេស្មោះព្រមរួមសុខរួមទុក្ខជាមួយនឹងគេ ហើយគេនឹងថែរក្សាម្នាក់នោះកាន់ដៃ ព្រមមើលថែរហូតដល់ចាស់កោងខ្នងមិនរុញរាឡើយ ។ ជារឿងគួរឱ្យសោកស្ដាយទោះបីជាគេមាននិស្ស័យល្អប៉ុនណា តែគេជាមនុស្សម្នាក់ដែលឧស្សាហ៍ជួបរឿងខកបំណងព្រោះតែគិតពីអ្នកដទៃច្រើនជាងខ្លួនឯង ។
អ្នកដែលបានមនុស្សប្រុសដូចជាគេធ្វើជាគូជីវិតចាត់ទុកថាសំណាងខ្លាំង ព្រោះគេតែងតែធ្វើឱ្យអ្នកនោះមានតែស្នាមញញឹមជួបក្ដីសុខច្រើនជាងក្ដីទុក្ខ មិនថាក្នុងកាលៈទេសៈណាគេកម្រនឹងប្រើសម្ដីទ្រគោះបោះបោក ឬ កាយវិកាឆ្គាំឆ្គងណាមួយឡើយ ព្រោះគេជាមនុស្សដែលស្អប់រឿងទាំងនេះ ព្រោះតែអារម្មណ៍ និង មនោសញ្ចេតនារបស់គេចង់ជួបតែរឿងល្អៗក្នុងជីវិត ។ ដូច្នេះហើយអ្នកនៅក្បែរគេក៏មិនត្រូវជួបរឿងទាំងនេះដែរ ៕
ប្រភព ៖ និស្ស័យមនុស្ស