(វីដេអូ) ខានឃើញយូរ ពេលលេចមុខក្នុងកម្មវិធីជជែកកម្សាន្តមួយ ពេជ្រ សេរីរ័ត្ន ចាប់ផ្តើមផ្ទុះការគាំទ្រជាថ្មី
បើរំឭកកាលពីរយៈពេលជិត ១០ ឆ្នាំមុន ច្បាស់ណាស់មហាជននិយមតាមដានកម្មវិធីកម្សាន្តទូរទស្សន៍ជាច្រើនប្រាកដជាបានស្គាល់ហើយពិធីការិនីល្បីឈ្មោះ អ្នកនាង ពេជ្រ សិរីរ័ត្ន ដែលជាបងស្រីបង្កើតរបស់ពិធីការិនី ជីជី មិនខាន។
យ៉ាងណាមិញ មកដល់ពេលនេះរយៈពេលជាច្រើនឆ្នាំហើយដែលអ្នកនាង ពេជ្រ សិរីរ័ត្ន បានស្ងប់ស្ងាត់លើវិថីសិល្បៈ និង កំពុងតែរស់នៅសាងជីវិតយ៉ាងរីករាយ ដោយសព្វថ្ងៃអ្នកនាងមានកូនប្រុសម្នាក់ និង ស្រីម្នាក់។
បើទោះជាមិនអើពើត្រឡប់មកកាន់ម៉ៃក្រូហ្វូនបង្ហើរសូរសៀងជាពិធីការិនីដូចមុនក៏ពិតមែន ប៉ុន្តែ ពេជ្រ សិរីរ័ត្ន ក៏នៅតែត្រូវបានអ្នកគាំទ្រតែងរំពឹងចង់ដឹងពីសុខទុក្ខរបស់អ្នកនាង ដោយពេលនេះអ្នកនាងកំពុងតែមមាញឹកក្នុងការរកស៊ី ពួតដៃរួមគ្នាជាមួយនឹងប្អូនស្រីបង្កើតគឺកញ្ញា ជីជី។
ដោយឡែក កាលពីពេលថ្មីៗកន្លងទៅអតីតពិធីការិនីរូបនេះ បានបង្ហាញវត្តមានជាថ្មីក្នុងកម្មវិធីកម្សាន្ត 3 Fun ក្រោយពីបាត់មុខលើកញ្ចក់ទូរទស្សន៍រាប់ឆ្នាំ ដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង។ លើសពីនោះ ក្រោយបង្ហាញខ្លួនក្នុងកម្មវិធី 3 Fun អ្នកនាង ពេជ្រ សេរីរ័ត្ន ក៏ត្រូវបានទស្សនិកជនផ្តើមគាំទ្រនាងជាថ្មី រហូតទៅស្វែងរកអ្នកនាងនៅលើបណ្តាញសង្គម Tik Tok ទៀតផង ដោយក្នុងបណ្តាញសង្គមនោះ អ្នកនាងរមែងចែករំលែកនូវពាក្យល្អៗក្នុងការផ្តល់យោបល់ និង កម្លាំងចិត្តដល់អ្នកទស្សនា៕