រៀបការ ៣ ឆ្នាំ ចេះតែឆ្ងល់ប្ដីថ្នមពេកមិនឱ្យសូម្បីបោសផ្ទះបោកខោអាវ ទាល់តែដឹងការពិតហួសចិត្តខ្លាំង
ថ្មីៗនេះ ផ្ទុះការចែករំលែកពេញប្រព័ន្ធអ៊ីនធឺណេត ក្រោយមានករណីស្ត្រីម្នាក់ត្រូវស្វាមីថ្នាក់ថ្នមមិនឱ្យធ្វើអ្វីសោះ សូម្បីតែបោសផ្ទះ លាងចាន បោកខោអាវ តែពេលដឹងហេតុផលពិតនាងហាក់ហួសចិត្ត ហើយអស់សំណើចព្រោះតែប្ដីនាងលួចលាក់លុយសឹងគ្រប់កន្លែងក្នុងផ្ទះសោះ។
ស្ត្រីជាប្រពន្ធបានរៀបរាប់ថា៖ «ស្រីៗដែលមានប្ដីល្អពេកគួរប្រុងប្រយ័ត្ន! ជួនកាលគាត់ល្អថ្នាក់ថ្នមយើងមិនមែនសុទ្ធចិត្តនោះទេ តាមពិតគឺពោរពេញដោយអាថ៌កំបាំង ជាក់ស្ដែងប្ដីខ្ញុំនេះជាដើម រៀបការចូលគ្រួសារ ៣ ឆ្នាំហើយគឺល្អណាស់ ថ្នមខ្ញុំគ្រប់យ៉ាងសូម្បីតែលាងចាន បោសផ្ទះ បោកខោអាវគឺមិនឱ្យធ្វើនោះឡើយ»។
«តែពេលប្ដីល្អបែបនេះ ហាក់ធ្វើឱ្យខ្ញុំមិនស្រណុកចិត្ត ហើយក៏ចេះតែសង្ស័យព្រោះតែទង្វើគាត់ល្អពេក។ ដោយនៅតែផ្ទះ មិនមានការងារធ្វើហើយកើតការអផ្សុក ខ្ញុំក៏សម្រេចចិត្តថាធ្វើការសម្អាតផ្ទះដើម្បីជួយសម្រាលបន្ទុកប្ដីខ្លះ កុំឱ្យធ្វើការហត់ហើយត្រូវមកធ្វើការផ្ទះ។ ស្រាប់តែខ្ញុំរកឃើញថានៅក្រោមខ្នើយដេកមានលាក់លុយមួយដុំ ក្នុងទូខោអាវក៏មាន ហើយសូម្បីតែហោប៉ៅអាវធំក៏មាន មិនត្រឹមតែប៉ុណ្ណឹងពេលគាត់មកពីធ្វើការ ហើយឆែកក្នុងឡានក៏មានទៀត។ ហេតុផលពិតចឹងសោះបានជាមិនឱ្យឯងបោកខោអាវ បោសផ្ទះ»៕