មិត្តល្អ! CL ចេញការពារ G-Dragon ក្រោយមានរូបគេកំពុងផុងក្នុងរឿងអាស្រូវពាក់ព័ន្ធនឹងគ្រឿងញៀន
បន្ទាប់ពី G-Dragon កំពូលតារារ៉េបដ៏ល្បីរបស់ K-Pop បានបញ្ជាក់ថាខ្លួនមិនមានកំហុសម្ដងហើយម្ដងទៀត ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ តារាប្រុសមិនត្រឹមតែទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ក្រុមអ្នកគាំទ្រទេ លោកក៏បានទទួលការពារយ៉ាងពេញទំហឹងពីមិត្តជិតស្និទ្ធជាច្រើនក្នុងអាជីពផងដែរ។
ក្នុងនោះដែរ ក៏មានកំពូលតារាចម្រៀងស្រី CL អតីតមេក្រុម 2NE1 ដែលជាមិត្តជិតស្និទ្ធរបស់ G-Dragon បានចេញមុខបង្ហោះជាសាធារណៈដើម្បីការពារមិត្តសម្លាញ់របស់នាង និង ទាមទារយកភាពស្អាតស្អំមកវិញ តាមរយៈការបង្ហោះរូបថតជាមួយគ្នាជាច្រើនប្រមូលផ្តុំគ្នា ដាក់នូវនិមិត្តសញ្ញាជាផ្កា Chrysanthemum ពណ៌ស ប្រៀបដូចជាសារដើម្បីការពារដល់មិត្តរបស់នាង ក្នុងគ្រាជួបទុក្ខលំបាកព្រោះរឿងអាស្រូវមិនល្អ។
ជាមួយគ្នានោះដែរ រូបតំណាងដែល CL បានបង្ហោះធ្វើឱ្យអ្នកគាំទ្រពេញចិត្ត និង រំភើបចិត្តជាខ្លាំងដើម្បីលើកទឹកចិត្ត និង គាំទ្រការពារ G-Dragon នៅលើ Story ក្នុងគណនី Instagram ផ្លូវការ ដោយបង្ហាញកាយវិការដ៏ជ្រាលជ្រៅរបស់នាង និង G-Dragon ជាមិត្តល្អ៕