ទិញទុរេនគេមកញ៉ាំអស់សល់តែគ្រាប់ ពួយយកគ្រាប់ទៅឈ្លោះជាមួយអ្នកលក់ទារដូរលុយគេវិញ ព្រោះហូបហើយឈឺពោះ
រឿងរ៉ាវមួយនៅប្រទេសចិន កំពុងតែធ្វើឱ្យមហាជនជាច្រើនហួសចិត្តមិនតិចឡើយ ដែលមានស្រ្តីម្នាក់ទិញទុរេនគេទៅហូប តែពួយអស់ហើយសល់តែគ្រាប់បែរជាយកទៅឈ្លោះឡែតៗជាមួយអ្នកលក់ សុំដូរយកលុយវិញ ដោយអះអាងថាហូបហើយឈឺពោះ។
តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីម្នាក់នេះជាអ្នកស្រុក Foyang ប្រទេសចិន នាង និង កូនស្រី បានយកគ្រាប់ទុរេនចំនួន ៣ គ្រាប់ ដែលបានហូបសាច់អស់ហើយ យកទៅសុំដូរយកលុយ ឬ ដូរជារបស់អ្វីផ្សេងក៏បានពីអ្នកលក់ ដោយបានអះអាងថា កូននាងហូបហើយមិនស្រួលពោះ មិនស្រួលខ្លួន ថែមក្អួតទៀត។
ឯអ្នកលក់ពិតជាឆ្ងល់ផង ហួសចិត្តផង ព្រោះហូបអស់ទៅហើយសល់តែគ្រាប់ទើបយកមកដូរ ហើយក៏បានប្រាប់ទៅស្រ្តីម្នាក់នោះវិញថា ខ្លួនដាច់ខាតមិនដូរឱ្យនោះទេ រួចក៏បានកើតទៅជាការឈ្លោះទាស់ទែងគ្នាតែម្តង។ អ្នកលក់ក៏បានប្រាប់ឱ្យនាងយកកូនទៅមន្ទីរពេទ្យពិនិត្យមើល គេនឹងចេញលុយឱ្យ តែស្រ្តីនោះនៅតែចចេសមិនព្រមទៅ ថែមទាំងបានខលហៅប៉ូលិសឱ្យមកចុះអន្តរាគមន៍ទៀត។
យ៉ាងណាមិញ ខណៈប៉ូលិសបានចុះមកដល់ហើយ រឿងក៏មិនបានដាច់ស្រេចនោះទេ រហូតដល់ចុងក្រោយទើបកូនប្រុសស្រ្តីរូបនោះ មកនាំនាងចេញពីហាងទើបរឿងក៏បានបញ្ចប់ទៅ៕