មានដឹងអត់? Britney Spears ជាតារាដំបូងលើពិភពលោក ធ្លាប់រៀបការនឹងពួកម៉ាកបានត្រឹម ៥៥ ម៉ោង ហើយលែងលះវិញ
មួយរយៈកន្លងទៅ មហាជនមួយចំនួនប្រាកដជាបានដឹងមកហើយថា ជីវិតស្នេហាររបស់កំពូលតារាចម្រៀងស្រីល្បី Britney Spears ហាក់មានភាពរលូនល្អូកល្អិនសិ្អតល្មួតគួរឱ្យច្រណែន ក្រោយពីនាងបានចាប់ដៃគ្នាជាមួយតារាសម្តែង Sam Asghari ដែលជាបុរសសង្ហា មានមន្តស្នេហ៍ រៀបការរួមរស់ជាប្ដីប្រពន្ធនោះ។ យ៉ាងណាមិញ ភាពផ្អែមល្ហែមពោរពេញដោយសុភមង្គលនេះ នៅជាមួយនាងមិនបានយូរអង្វែងឡើយ ព្រោះថាពេលនេះចំណងស្នេហ៍រវាងនាង និង ស្វាមីទី ៣ ក៏បានបញ្ចប់ទៅវិញដោយគ្មានស្ដាយស្រណោះ។
យ៉ាងណាមិញ ខ្សែជីវិតរបស់តារាស្រី Britney Spears នៅតែអភ័ព្វធ្លាប់មានប្រវត្តិស្នេហានាយអាយវិលក្បុងមិនចេះតិច ជាពិសេសគឺនាងបានធ្លាប់រៀបការសាងគ្រួសាររហូតដល់ទៅ ៣ ដង តែមិនបានសម្រេចរកឃើញកោះត្រើយជីវិតពិតប្រាកដឡើយ។
ក្នុងនោះ ប្រវត្តិការរៀបការលើកទីមួយរបស់នាង ពិតជាបានបង្កភាពភ្ញាក់ផ្អើលមិននឹកស្មានទៅដល់មហាជនជាច្រើនថែមទៀតផង។ តាមព័ត៌មានបានឱ្យដឹងថា តារាស្រី Britney Spears ធ្លាប់បានរៀបអាពាហ៍ពិពាហ៍សាងគ្រួសារជាមួយនឹងស្វាមី គឺលោក Jason Alexander ដែលជាមិត្តភក្តិនឹងគ្នាតាំងពីនៅក្មេង នៅខែមករា ឆ្នាំ ២០០៤។
ក្រោយពីចូលរោងការមិនបានប៉ុន្មានផង ប្រហែលជា ៥៥ ម៉ោងក្រោយមក ស្រាប់តែអ្នកទាំងពីរក៏បានប្រកាសលែងលះចែកផ្លូវគ្នាទៅវិញតែម្តង ដែលបង្កភាពភាពភ្ញាក់ផ្អើលខ្លាំងណាស់ ក្នុងប្រវត្តិសាស្រ្តគូស្នេហ៍ Hollywood ។ ចំណែកមូលហេតុវិញនោះ ត្រូវបានតារាស្រី Britney Spears អះអាងថា អ្នកទាំងពីរពិបាករស់នៅជាមួយគ្នា ព្រោះលោក Jason Alexander ដែលជាអតីតស្វាមីមិនសូវយល់ពីទង្វើរបស់នាងនោះទេ។
ដោយឡែក បន្ទាប់ពីបានលែងលះចែកផ្លូវគ្នារួចមក នៅខែតុលា ឆ្នាំ ២០០៤ ដដែល ក៏បានចូលរោងការម្តងទៀតជាមួយនឹងលោក Kevin Federline ហើយក៏មានកូនប្រុសពីរនាក់ជាចំណងដៃផងដែរ តែត្រូវមកចែកផ្លូវគ្នាទៀតនៅឆ្នាំ ២០០៦។
រហូតមកដល់ឆ្នាំ ២០២២ តារាចម្រៀងស្រី Britney Spears និង គូស្នេហ៍វ័យក្មេង Sam Asghari ក៏បានសម្រេចចាប់ដៃគ្នារៀបការ ដោយអ្នកគាំទ្រគិតថា នេះជាដៃគូចុងក្រោយ ហើយជីវិតរបស់តារាចម្រៀងស្រីរូបនេះនឹងពោរពេញដោយសុភមង្គលហើយ តែយ៉ាងណា មកដល់ឆ្នាំ ២០២៣ ចំណងប្ដីប្រពន្ធមួយគូនេះ ក៏ត្រូវបានកាត់ផ្ដាច់ទៅវិញដោយគ្មានក្ដីស្ដាយស្រណោះ៕