អីយ៉ាស់! សង្ស័យ ខ្ញុង មានលាភទទួលបានកូនភ្លោះស្រី ២ ក្រោយលេចដំរួយមួយ
មកដល់បច្ចុប្បន្ន រឿងរ៉ាវអាស្រូវជំពាក់បំណុលរបស់តារាកំប្លែងស្រី ខ្ញុង ហាក់ស្ងប់ស្ងាត់ទៅវិញបន្តិចហើយ ដោយពេលនេះ នាង និង ស្វាមីក៏កំពុងប្រឹងប្រែងរកលុយពីជំនួញផង និង ពីសិល្បៈផង ដើម្បីដោះបំណុលស្ទើរមិនហ៊ានសម្រាក។
ងាកមកមើលសុភមង្គលក្នុងគ្រួសារវិញ ដ្បិតថាកន្លងមក រវាងប្ដីប្រពន្ធតារាកំប្លែងប្រុសស្រីទាំងពីរ ធ្លាប់មានបញ្ហារកាំរកូសនឹងគ្នាជៀងមិនផុតបន្តិចបន្តួចក្ដី ប៉ុន្ដែមកដល់ពេលនេះ ពួកគេនៅតែចាប់ដៃគ្នា សាងក្ដីសុខក្នុងគ្រួសារ មើលថែកូនប្រុសទាំង ២ យ៉ាងល្អ។
និយាយដល់រឿងកូនចៅ ថ្មីៗនេះ តារាកំប្លែង ខ្ញុង ហាក់ធ្វើឱ្យទស្សទាយថា នាងទំនងមានដំណឹងល្អ មានលាភនឹងទទួលបានកូនស្រីភ្លោះ ២ នាក់ បន្ទាប់ពីអ្នកនាង ខ្ញុង បង្ហើបថា នាងយល់សប្ដិឃើញចោះក្រវិល ២ ពាក់គ្រាប់។ ខ្ញុង បានបង្ហោះថា ៖ «យល់សប្តិថាចោះត្រចៀកពាក់ក្រវិលពីរគ្រាប់ ជួយខំមិនប្រាប់ផងតើមានន័យដូចម្ដេចទេបងប្អូន»។
ក្នុងនោះអ្នកលេងហ្វេសប៊ុកជាច្រើនកាត់សេចក្ដីក្នុងសុបិនរបស់អ្នកនាង ខ្ញុង ដោយភាគច្រើនយល់ថា នាងអាចនឹងមានកូនភ្លោះស្រី។ ភ្លាមនោះស្រាប់តែ ខ្ញុង ឆ្លើយតបភ្លែតថា ៖ «ជួយបន់សំពះទេវតាឱ្យខ្ញុំបានដូចបំណងផងណាបង ព្រោះខ្ញុំចង់បានណាស់»៕